(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានចំអកដល់អ្នកប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ គាំទ្របរទេសមួយចំនួន ដែលធ្លាប់បង្គាប់ឱ្យរាជរដ្ឋាភិបាលកម្ពុជារៀនសូត្រពីប្រទេសមីយ៉ាន់ ដោយសារតែពេលនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បែរជាមកស្នើសុំរៀនសូត្រអំពីនយោបាយឈ្នះ! ឈ្នះ ! ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅវិញ។
កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះ លោក Min Aung Hlaing អគ្គមេបញ្ជាការជាន់ខ្ពស់ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលមកធ្វើ ទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃបានជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ សាធារណរដ្ឋមីយ៉ាន់ម៉ា បានស្នើនូវបទពិសោធន៍របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកនិងពង្រឹងសន្តិភាព តាមរយៈគោលនយោបាយ ឈ្នះ! ឈ្នះ! ដែលកម្ពុជាបានអនុវត្តយ៉ាងល្អរយៈពេលកន្លងមក។
លោក ផៃ ស៊ីផាន បានថ្លែងតាមរយៈបណ្តាញសង្គម Facebook របស់លោក នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះថា ការបង្ហាញជំហររបស់មីយ៉ាន់ម៉ា គឺជាសារពន្យល់ដល់ ក្រុមអ្នកប្រឆាំង និងអ្នកដែលតែងបង្គាប់ឱ្យរាជរដ្ឋាភិបាលកម្ពុជា រៀនសូត្រពីប្រទេសមីយ៉ាន់ម៉ា។
លោកបានបញ្ជាក់បែបនេះថា «សារជាថ្មីម្តងទៀត ប្រាប់ដល់អ្នកតាំងខ្លួនជាអ្នកវិភាគឯករាជ្យ និងអ្នកតាំងខ្លួនជាអ្នកចេះដឹងមកធ្វើបទអត្ថាធិប្បាយ ក៏ដូចជា ប្រធានអង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកតស៊ូមតិ ក៏ប៉ុន្តែការពិតជាអ្នកប្រឆាំងផ្គាប់មុខតតាំងជាមួយរាជរដ្ឋាភិបាល ការដែលប្រជាពលរដ្ឋលឺតាម បណ្តាញសារព័ត៌មាន ជាពិសេសវិទ្យុអាស៊ីសេរី វីអូអេ និងវីអូឌី ដែលតែងតែប្រើសិទ្ធិបង្គាប់រាជរដ្ឋាភិបាល ធ្វើតាមសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា»។
លោកបន្ថែមទៀតថា «ពេលនេះ សារជាក់ស្តែង នៅក្នុងទិដ្ឋភាពទី១ ចំអកឡកឡឺយដល់អ្នកទាំងអស់នោះ រាប់ទាំងថ្នាក់ដឹកនាំគណបក្សនយោបាយ ដែលតាំងខ្លួន មិនត្រឹមតែតាំងខ្លួនជាអ្នកប្រឆាំង ជាមួយរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះនោះទេ គឺទាំងអស់នោះបានបង្ហាញការពិតជាអ្នកប្រឌិត ភូតភរ និងអសមត្ថភាព នៅក្នុងការងារ នយោបាយដល់មហាជនកម្ពុជា មិនតែប៉ុណ្ណោះក៏បានបង្ហាញមហាជនកម្ពុជា អំពីចរិតម៉ាកងាយដល់ប្រជាជាតិរបស់ខ្លួន ដែលតែងតែអោយតម្លៃទៅបរទេស។ ទិដ្ឋភាពទី២ គឺជាសារបញ្ជាក់ដ៏មានសារសំខាន់មួយ ដែលឱ្យតម្លៃខ្ពស់ទៅលើសន្តិភាព ជាគោលការណ៍គ្រឹះ និងការជំហរដ៏ឧត្ដុងឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកិច្ចថែរក្សា និងការពារសន្ដិភាព ទោះតម្លៃណាក៏ដោយនយោបាយសន្តិភាពរបស់សម្តេចតេជោ មិនត្រឹមតែទទួលស្គាល់ និងវាយតម្លៃពីប្រទេស ដែលមាននិន្នាការ ប្រជាធិបតេយ្យកណ្តាលប៉ុណ្ណោះទេ ក៏ប៉ុន្តែប្រជាជាតិដែលជាមិត្តល្អរបស់កម្ពុជា (សាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា) ក៏ទទួលស្គាល់សុំកិច្ចសហការពី សម្តេចតេជោ ហ៊ុន សែន ក្នុងផ្តល់បទពិសោធន៍ នៃគោលការណ៍ និងទ្រីស្តី “ឈ្នះ! ឈ្នះ! របស់សម្តេចតេជោពិតប្រាកដ”»៕