(ស្វាយរៀង)៖ បញ្ជាការដ្ឋានកងរាជអាវុធខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ បានរៀបចំពិធីអបអរសាទរខួបលើកទី១០៦ នៃទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
ទិវាអន្តរជាតិនារី ៨មីនានេះ ប្រារព្ធឡើងក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ដែលមានការចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន លោក លោកស្រី ប្រធានមន្ទីរ-អនុប្រធានមន្ទីរ នាយការិយាល័យចំណុះ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សរុប៤១នាក់។
លោកស្រីវរសេនីយ៍ត្រី នួន នីម អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ នៃកងរាជអាវុធហត្ថខេត្ត បានឡើងអានសាលិខិតជូនពររបស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងលើកឡើងពីការប្ដេជ្ញាចិត្ត ខិតខំបម្រើជាតិមាតុភូមិ។
បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលទៅកាន់អង្គពិធី លោកឧត្តមសេនីយ៍ នុត នន្ទ ក៏បានចែកអំណោយអនុស្សាវរីយ៍ របស់លោកមេបញ្ជាការ ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ជូនដល់អាវុធហត្ថនារី ចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបាន កន្សែងពោះគោធំមួយ និងថវិកា ១៥០,០០០រៀលផងដែរ៕