(រតនគិរី)៖ ដីព្រៃប្រមាណ២ហិកតា តាមមាត់ទន្លេសេសាន្ត ស្ថិតក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើផ្នែក នៃស្រុកបរកែវម្នាក់មានឈ្មោះ ទន់ វិរៈភាព បើកការឈូសឆាយយ៉ាងខ្លាំង និងព័ទ្ធរបងទុកជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលអាចនាំឲ្យមានការហិនហោចសម្បត្តិធនធានធម្មជាតិយ៉ាងសន្ធឹកសន្ធាប់។
មិនតែប៉ុណ្ណោះ មន្រ្តីរូបនេះក៏បានបញ្ជាគ្រឿងចក្ររុញដី លប់ច្រាំងទន្លេសេសាន្ត នៅចុងកន្ទុយដីខាងលើនោះថែមទៀត តែមន្រ្តីមេព្រៃរូបនេះ បានអះអាងថា ដីនេះលោកទិញពីប្រជាពលរដ្ឋទេ។ ប៉ុន្តែទាំងអាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធមិនបានដឹងនោះទេថា ម្ចាស់ដីម្នាក់នេះ បានការអនុញ្ញាតពីខាងណានោះឡើយ ហើយក៏គ្មានជូនដំណឹងប្រាប់ពួកគាត់ដែរ។
លោក ទុន វិរៈភាព បានណែនាំខ្លួនថា លោកជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើផ្នែក ស្រុកបរកែវ ដោយបញ្ជាក់ថា ដីនេះជាដីចម្ការដំឡូង ដែលលោកទិញពីប្រជាពលរដ្ឋ កាលពីពេលកន្លងទៅ ហើយមានការទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំ ចំណែកការយកគ្រឿងចក្រឈូសឆាយនោះ លោកក៏មិនបានឈូសឆាយបន្តិចណាដែរ ព្រោះដីនេះជាដីវាលស្រាប់។
ទោះអះអាងយ៉ាងនេះក្តី ប៉ុន្តែមន្រ្តីរូបនេះ មិនបានបង្ហាញឯកសារពាក់ព័ន្ធអ្វីឡើយ ពោលគឺវាចារតែមាត់ទទេរ។
មេឃុំសេសាន្ត លោក សេវ ស្វែន បានឲ្យដឹងថា ការឈូសឆាយដីរបស់លោក ទន់ វិរៈភាព ខាងលើនេះ លោកមេឃុំមិនបានដឹងទេ គឺលោក ទន់ វិរៈភាព ឈូសឆាយស្រេចតែចិត្តឯង ព្រោះមិនបានជូនដំណឹងដល់អាជ្ញាមូលដ្ឋានឡើយ។ លោកមេឃុំថា «ធ្វើអ្វីមួយក្នុងមូលដ្ឋាន គួរតែម្ចាស់ ឬក្រុមហ៊ុននោះ ជូនដំណឹងដល់អាជ្ញាធរ»។
ដោយឡែក លោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ ក៏បានឲ្យដឹងដែរថា លោកបានត្រឹមតែត្រួតពិនិត្យឯកសារពាក់ព័ន្ធតែប៉ុណ្ណោះ «ចំណែកការឈូសឆាយយ៉ាងណានោះ គឺគេធ្វើតាមតែអំពើចិត្ត គេមិនបានជូនដំណឹង ឬសុំអនុញ្ញាតអ្វីទេ»។ លោកចៅហ្វាយស្រុកថា លោក ទន់ វិរៈភាព ជាជំនាញរដ្ឋបាលព្រៃឈើស្រាប់ ដូច្នេះការងារនេះ ទាល់តែនាយផ្នែករដ្ឋបាលព្រៃឈើស្រុក ឬនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ជាមេរបស់គាត់ ទើបដឹងច្បាស់។
ទាក់ទិនសកម្មភាពមិនប្រក្រតីខាងលើ លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកបរកែវ និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បានបញ្ជាក់ថា ករណីឈូសឆាយដីព្រៃ ឬដីចម្ការខាងលើនេះ ពួកគាត់មិនបានដឹងទេពីព្រោះ លោក ទន់ វិរៈភាព «ធ្វើអ្វីមិនដែលគោរពច្បាប់ ឬគោរពអ្នកណាម្នាក់ទេ»។
ចំណែក លោក ផុន ខេមរិន ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីវិញ ក៏មិនអាចសុំការបំភ្លឺបានដែរ រហូតដល់នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ ក៏នៅតែមិនអាចទាក់ទងបានទៀត។
សូមជម្រាបថា ដីព្រៃប្រមាណ២ហិកតា ខាងលើ ត្រូវបានប្រជាពលរដ្ឋ និងមន្រ្តីមូលដ្ឋាន សង្កេតឃើញថា ឈូសដល់មាត់ច្រាំងទន្លេសេសាន្ត និងកាយលប់មាត់ច្រាំងទន្លេតែម្ដង ដែលបង្កផលប៉ះពាល់កាន់តែខ្លាំង ដោយសារការបាក់ដីជាបន្តបន្ទាប់ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងបរិវេណនោះ មានគំនរគល់ឈើធំៗជាច្រើន ហាក់ដូចជា បម្រុនឹងដុតបំផ្លាញចោលទៀតផង៕