Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយរងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិភ្នំដិន លោក ឡាយ ប៊ុនធី ​ត្រូវតុលាការ​ខេត្តអាងយ៉ាង កាត់ទោសដាក់ពន្ធនាគារ២៥ឆ្នាំ ករណីបាញ់​ពលរដ្ឋវៀតណាម ស្លាប់ និងរបួសធ្ងន់២នាក់

09-03-2017 12:16

(តាកែវ)៖ លោក ឡាយ ប៊ុនធី នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវបានតុលាការខេត្តអាងយ៉ាង កាត់ទោសឲ្យជាប់​ពន្ធនាគារចំនួន២៥ឆ្នាំ​ ក្នុងករណីបាញ់ពលរដ្ឋវៀតណាម បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៦កន្លងទៅ ​ដោយសារមានជម្លោះពេលផឹកស៊ី។ ជាមួយគ្នានេះ តុលាការក៏បានបង្គាប់ឲ្យលោក ឡាយ ប៊ុនធី សងសំណងជាង១ម៉ឺនដុល្លារ ជូនគ្រួសាររងគ្រោះ និងចិញ្ចឹមកូនរហូតដល់អាយុ១៨ឆ្នាំផងដែរ។

យោងតាមសារព័ត៌មានវៀតណាម បានឲ្យដឹងថា ការកាត់ទោសនេះ បានធ្វើឡើងកាលពីថ្ងៃអង្គារ៍ ទី៧ ខែមីនា ឆ្នាំ២០១៧កន្លង​ទៅនេះ។ តែយ៉ាងណាក៏ដោយ មន្រ្តីច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះថា ក្រុមគ្រួសាររបស់លោក ឡាយ​ ចាន់ធី មិនសុខចិត្តនោះទេ ចំពោះការសម្រេចបែបនេះ នឹងបានត្រៀមប្តឹងទៅសាលាឧទ្ធរណ៍ផងដែរ។

សូមបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅហាង​ផឹកស៊ីយីហោ ហឿង សឿ ក្នុងភូមិសាស្ត្រភូមិស៊ីនវ៉ា ទីរួមស្រុកទិនបៀង ខេត្តអាងយ៉ាង ប្រទេសវៀតណាម។

មន្រ្តីនគរបាលច្រកទ្វារអន្តរជាតិភ្នំដិន បានបញ្ជាក់ថា «ការបាញ់ប្រហារនេះ គឺបណ្តាលមកពីជនរងគ្រោះ ជាប្រភេទក្មេងឈាមរាវនោះ បានវាយគាត់រហូតបាក់ធ្មេញ ទើបមានការគុំគួនរហូតជួបគ្នា នៅហាងផឹកស៊ី បង្កជាទំនាស់រហូតរូបគេ បានរត់ទៅយកកាំភ្លើង នៅផ្ទះមកបាញ់តែម្តង»

មន្រ្តីសមត្ថកិច្ចខេត្តតាកែវ បានឲ្យដឹងថា លោក ឡាយ ប៊ុនធី បានប្រើកាំភ្លើងម៉ាក K59 បាញ់ចំនួន០៣គ្រាប់ទៅលើជន រងគ្រោះជាជនជាតិវៀតណាម ចំនួន ០២នាក់៖ ១.ឈ្មោះ ឡេ យ៉ាំងឌឿក ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអាងហាវB ទីរួមស្រុកបានជុក ស្រុកស្វាយទង ខេត្តអាងយ៉ាង ប្រទេសវៀតណាម (ស្លាប់នៅកន្លែងកើតហេតុ) ២.ឈ្មោះ ផាន យ៉ាំងវ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិចាសឺ ទីរួមស្រុកទិនបៀង ខេត្តអាងយ៉ាង ប្រទេសវៀតណាម (របួសធ្ងន់)។

លោក ឡាយ ប៊ុនធី មានប្រពន្ធ ជាជនជាតិវៀតណាម និងកូន២នាក់ ហើយមានផ្ទះសម្បែងនៅក្នុងទឹកដីវៀតណាមទៀតផង៕