(ភ្នំពេញ)៖ សម្ភារៈការិយាល័យ និងរថយន្ត ដែលមានតម្លៃសរុបប្រមាណ ១៤ម៉ឺនដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលចិន ប្រគល់ជូន ក្រសួងការបរទេសកម្ពុជា សម្រាប់បំពេញការងារប្រចាំថ្ងៃ។ ពិធីប្រគល់ និងទទួល ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ រវាងលោក ស្យុង ប៉ (Xiong Bo) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សម្ភារៈការិយាល័យរួមមាន កុំព្យូទ័រលើតុ, កំព្យូទ័រយួរដៃ, ម៉ាស៊ីនថតចម្លង និងម៉ាស៊ីនព្រីនជាដើម ព្រមទាំងរថយន្ត ៤១កៅអីមួយគ្រឿង។ អំណោយទាំងនេះ ជាផ្នែកមួយ នៃការសន្យារបស់លោក យ៉ាង ជាឈី ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងកិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង។
ជំនួយទាំងនេះមានគោលបំណងគាំទ្រដល់តម្រូវការពិត និងភាពចាំបាច់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការអនុវត្តការងាររបស់ខ្លួន ឆ្លើយតបទៅនឹងវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។
ក្នុងឱកាសទទួលអំណោយរបស់ចិននោះ លោកទេសរដ្ឋមន្រ្តីប្រាក់ សុខុន បានលើកឡើងថា ក្នុងឆ្នាំ២០១៦ ជាឆ្នាំដែលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា-ចិន បានវិវត្តគួរឲ្យកត់សម្គាល់។ រដ្ឋាភិបាលចិន បានផ្តល់ជំនួយឥតសំណងចំនួន ១,២០០លានយ័ន និងឥណទានសរុបចំនួន ២៩០លានដុល្លារ ជូនដល់កម្ពុជា។
ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលចិន និងប្រជាពលរដ្ឋចិន ចំពោះជំនួយឥតសំណងកម្ចី ដ៏ច្រើន និងជំនួយអភិវឌ្ឍធនធានមនុស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានោះ លោក ស្យុង ប៉ (Xiong Bo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាសង្ឃឹមថា សម្ភារៈទាំងអស់នេះ នឹងចូលរួមចំណែកផ្តល់ភាពងាយស្រួលមួយកម្រិត ក៏អាចជួយសម្រូលដល់ដំណើរការ ងាយស្រួលរបស់ក្រសួងឲ្យកាន់តែល្អប្រសើរឡើង។
លោក ស្យុង ប៉ បន្ថែមឲ្យដឹងថា ប្រទេសចិន និងកម្ពុជា ជាមិត្តភក្តិល្អ អ្នកជិតខាងល្អ បងប្អូនល្អដៃគូទំនាក់ទំនងរវាងប្រជាជនចិន និងកម្ពុជា មានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ មិត្តភាពចិន និងកម្ពុជា ដែលស្ថាបនាឡើង និងថែទាំ ដោយចិត្តទុកដាក់យ៉ាងខ្លាំងពីថ្នាក់ដឹកនាំជំនាន់មុនៗរបស់ប្រទេសទាំងពីរ។
លោកបានបន្តថា ស្ថានទូតចិនប្រចាំកម្ពុជា និងបន្តរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងការបរទេស និងកិច្ចសហប្រតិ បត្តិការអន្តរជាតិកម្ពុជា រួមគ្នាអនុវត្តគំនិតឯកសារសំខាន់ៗ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងរវាងក្រសួងទាំងពីរ ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងសភាពការណ៍ថ្មី ដើម្បីរួមចំណែកនៅក្នុងការជំរុញទំនាក់ទំនងចិន និងកម្ពុជាឲ្យមានការអភិវឌ្ឍទៅមុខបន្ថែមទៀត៕