(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងការជួយដល់កុមារកំព្រា ចាស់ជរា និងមន្ទីរពេទ្យគន្ធបុប្ផា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានព្រមព្រៀងគ្នាថា នឹងរៀបចំកម្មវិធី «ភ្នំពេញរាត្រីសប្បុរសធម៌» នៅយប់ទី១១ ខែមីនា ឆ្នាំ២០១៧ ខាងមុខ ដើម្បីប្រមូលមូលនិធិជួយដល់ក្រុមជនរងគ្រោះខាងលើ។

កម្មវិធីនេះ នឹងប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ហើយការ​ប្រមូលនិធិថវិកានោះ គឺធ្វើឡើងតាមរយៈការលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីនេះផង និងការចូលរួមបរិច្ឆាគរបស់មហាជនទូទៅផង។

លោក ស្រ៊ី គឹមយូ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងនៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ថា «នេះជាលើកទី៤ហើយ ដែល ស.ស.យ.ក រៀបចំកម្មវិធីមនុស្សធម៌ តាមរយៈការរៃអង្គាសជាសម្ភារៈ និងថវិកា ពីសប្បុរសជននានា ដើម្បីជួយដល់កុមារកំព្រា កុមារផ្ទុកមេរោគអេដស៍ កុមារខ្សោយសតិបញ្ញា និងចាស់ជរាគ្មានទីពឹង ចំនួន១,៣០០នាក់ មណ្ឌលកុមារកំព្រា ចំនួន៨ សមាគមអភិរក្សស៊ីក្លូ និងមន្ទីរពេទ្យគន្ធបុប្ផា។  

លោក គឹមយូ បានបន្ដថា ព្រឹត្តិការណ៍លើកនេះ នឹងធ្វើឡើងសារជាថ្មីទៀត តាមរយៈការប្រគុំតន្រ្តី និងលក់សំបុត្រ តម្លៃចាប់ពី ៥,០០០រៀល ដល់ ២០,០០០រៀល ហើយលើកនេះ ពិតជាប្លែក ព្រោះមានការប្រគំតន្រី្ត និងមានការសម្ដែងសិល្បបុរាណ ដូចជា ចាប៉ីដងវែង ល្ខោនខោល ស្គរធំ និងសិល្បបុរាណ-សម័យជាច្រើនទៀត ដែលអាចឲ្យមហាជនបានយល់ច្បាស់ អំពីសិល្បៈ វប្បធម៌ អរិយធម៌ និងប្រពៃណីរបស់ប្រជាជនខ្មែរ។

តំណាង ស.ស.យ.ក បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជនរួមជាតិចូលរួមទស្សនាក្នុងកម្មវិធីសប្បុរសធម៌នេះទាំងអស់ ព្រោះការទិញសំបុត្រ និងការបរិច្ឆាគនៅក្នុងកម្មវិធីនេះ គឺជាការបង្ហាញឲ្យឃើញពីក្តីស្រឡាញ់ និងការជួយដល់សកម្មភាពមនុស្សធម៌ ដ៏ប្រសើរបំផុតមួយ៕