(ព្រះសីហនុ)៖ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ មាននាវាទេសចរណ៍ខ្នាតយក្ស ១គ្រឿង ឈ្មោះ SEABOURN SOJOURN បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាំទាំងអ្នកដំណើរជាភ្ញៀវទេសចរអន្តរជាតិ ចំនួន៤៣៨នាក់ និងនាវិកចំនួន៣៤៩នាក់ទៀត ចូលទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ ដែលគេស្គាល់ថា «តារារះនាទិសនិរតី»។
បើតាម Facebook ផ្លូវការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ នាវាទេសចរណ៍នេះ ជានាវាទី១៦ហើយ សម្រាប់ឆ្នាំ២០១៧នេះ ដែលបានចូលចតនៅកំពង់ព្រះសីហនុ បានចេញដំណើរពីកំពង់ផែឡាមឆាបាង ប្រទេសថៃ នឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញ នៅយប់ថ្ងៃដដែល បន្តទៅកាន់កំពង់ផែហូជីមីញ ប្រទេសវៀតណាម៕