(សេអ៊ូល)៖ ការសម្រេចចិត្តផ្អាកការនាំចូលធ្យូងថ្មពីកូរ៉េខាងជើង គឺមិនមែនជាគោលបំណងពិតប្រាកដរបស់ចិននោះទេ ខណៈប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជាច្រើននំាគ្នាចុះផ្សាយពីគំរោងរៀបចំកិច្ចសន្ទនា រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន ដែលនេះគឺជាកង្វល់មួយសម្រាប់ចិន ដោយខា្លចក្រែងសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់ខ្លួនមួយនេះ និយាយត្រូវរ៉ូវគ្នាជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើតាមអតីតអគ្គរដ្ឋទូតកូរ៉េខាងជើង លោក ថេ យុងហូ (Thae Yong-ho) ចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។

យោងតាមលោក ថេ យុងហូ ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង មិនមែនជាចេតនាពិតប្រាកដរបស់ចិនឡើយ ពោលវត្ថុបំណងពិតនោះគឺទីក្រុងប៉េកាំង ចង់ដើរតួនាទីជាតួឯកជំនួសសហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីភាគឦសាន តាមរយៈការបញ្ចុះបញ្ចូលកូរ៉េខាងជើង ឱ្យមកអង្គុយតុចរចា ៦ភាគីសាជាថ្មី។ ការដាក់ទណ្ឌកម្មរបស់ចិនធ្វើឡើងមានគោលបំណងធំពីរយ៉ាង៖

ទីមួយ៖ គឺចិនចង់រក្សាមុខមាត់ក្នុងនាមជាមហាអំណាច តាមរយៈការបង្ហាញឱ្យពិភពលោកឃើញថា ខ្លួនបានអនុវត្តតាមសេចក្ដីសម្រេច នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងទីពីរ៖ គឺទីក្រុងប៉េកាំង ចង់ក្រើនរំលឹកកូរ៉េខាងជើង កុំបង្ករឿង ព្រោះថាបើនៅតែចចេសសហរដ្ឋអាមេរិក នឹងប្រើលេសនេះពង្រីកឥទ្ធិពលយោធានៅក្នុងតំបន់។

ប៉ុន្តែយ៉ាងណាក៏ដោយ ចិនមិនល្ងង់ដាក់ទណ្ឌកម្ម រហូតដល់របបដឹកនាំទីក្រុងព្យុងយ៉ាង ថប់ដង្ហើមនោះឡើយ។ ជាក់ស្ដែង ការដាក់ទណ្ឌកម្មនេះគ្រាន់តែ បណ្ដោះអាសន្នប៉ុណ្ណោះ ហើយវាអាចនឹងត្រូវលុបចោលនៅពេលណាមួយ ដែលស្ថានភាពធូរស្រាលឡើងវិញ ឬក៏កូរ៉េខាងជើងយល់ព្រមត្រឡប់មករក កិច្ចចរចាសន្តិភាព។ ជាងនេះទៅទៀត នៅក្នុងកែវភ្នែកថ្នាក់ដឹកនាំចិន កូរ៉េខាងជើង ប្រៀបបានទៅនឹងទ្រនាប់ការពារមួយ ដ៏សំខាន់មិនអាចខ្វះបានដើម្បីទប់ទល់ នឹងការឈ្លានពាន ឬក៏ការពង្រីកឥទ្ធិពលយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

ដូច្នេះសម្ព័ន្ធមិត្តយុទ្ធសាស្ត្រមួយនេះ ពិតជាមានសំខាន់ណាស់សម្រាប់ ចិនស្របពេលយោធាអាមេរិករាប់ពាន់នាក់ កំពុងមានវត្តមានស្រាប់ នៅលើទឹកដីជប៉ុន និងកូរ៉េខាងត្បូង។ ម្យ៉ាងវិញទៀត សារៈសំខាន់របស់កូរ៉េខាងជើង ក៏ធ្លាប់ត្រូវបានបញ្ជាក់រួចហើយដែរ នៅក្នុងសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) ហើយបើនិយាយឱ្យចំបើគ្មានកូរ៉េខាងជើងនោះនៅក្បែររបងផ្ទះចិន នឹងមានសុទ្ធតែវត្តមានយោធាអាមេរិក៕