(បាត់ដំបង)៖ វិចិត្រករស្ថាបនារូបសំណាកលោកតាដំបងក្រញូង ដ៏ល្បីល្បាញប្រចាំខេត្តបាត់ដំបង ដែលគេហៅជាទូទៅនៅក្នុងខេត្តថា «ឳតាដំបងគ្រញូង» បានទទួលមរណភាព នាព្រឹកមិញនេះដោយរោគាពាធ។
លោកតា ផូ សុងហេង អាយុ៧៥ឆ្នាំ ជាវិចិត្រករដៃឯក សាងសង់រូបសំណាកតាដំបងក្រញូង ក្នុងខេត្តបាត់ដំបង បានដួលសន្លប់ក្នុងបន្ទប់ទឹក កាលពីរាត្រីថ្ងៃអង្គារ ឯលំនៅដ្ឋានរបស់លោក ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រំពេចនោះសមាជិកគ្រួសារបានបញ្ជូនទៅដល់មន្ទីរពេទ្យ ជាបន្ទាន់ដើម្បីសង្គ្រោះជីវិត ប៉ុន្តែជាអកុសល ក្រោយពីថតពិនិត្យខួរក្បាល ក្រុមគ្រូពេទ្យប្រាប់ថា ឈាមបានច្រាលពេញខួរក្បាលមិនអាចសង្គ្រោះបាន។ លុះដល់ម៉ោង៦ព្រឹកថ្ងៃទី៨ មីនានេះ លោកតាបានទទួលមរណភាព ។
អ្នកខេត្តបាត់ដំបង ឬអ្នកស្គាល់ តែងតែគោរពរូបសំណាកលោកតាតំបងក្រញូង ប៉ុន្តែមិនបាននឹកដល់វិចិត្រករទេ ឬក៏ភាគតិចណាស់ដែលបាន នឹកឃើញ។ វិចិត្រករម្នាក់ គឺលោក ផូ សុងហេង ដែលទទួលមរណៈភាពនៅថ្ងៃនេះឯង។
ក្រៅពីនេះលោកក៏មានស្នាដៃរចនា នៅតាមទីអាមជាច្រើនក្នុងខេត្តបាត់ដំបង និងតាមខេត្តផ្សេងៗទៀត ជាពិសេសលោកធ្លាប់ឆ្លាក់ក្បាច់អាគារខ្លះ ក្នុងព្រះបរមរាជវាំង និងក្បាច់នៅតាមអគារវិទ្យសល័យជាស៊ីមបឹងកេងកង ក្នុងរាជធានីភ្នំពេញផងដែរ។ ក្នុងជីវិតជាវិចិត្រករ លោក ផូ សុខហេង មានជីវភាពយ៉ាប់យឺនខ្លាំងណាស់ រហូតដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក និងភរិយា បានសម្រេចប្រកបរបបើកហាងលក់សាច់ពិសេស នៅក្រោយស្នងការខេត្តបាត់ដំបង។
ការចាប់យកមុខរបរថ្មី ជាអ្នកលក់សាច់ឆ្កែដ៏ល្បីល្បាញ នៅក្នុងខេត្តបាត់ដំបង បានធ្វើឲ្យគាត់ឃ្លាតឆ្ងាយពីជំនាញពិតប្រាកដ ហើយចាប់តាំងពីពេលនោះមក អាជិពជាវិចិត្រកររបស់លោក ត្រូវបានជីកកប់ចោលដោយសារតែប្រែក្លាយមុខរបរថ្មីដើម្បីជីវភាព។
សូមវិញ្ញណក្ខ័ន្ធលោក ផូ សុងហេង បានសម្រេចនូវសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕