(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តប្រចាំមណ្ឌលព្រៃវែង បានជំរុញដល់ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ នៅទូទាំងខេត្តព្រៃវែង ត្រូវតាំងស្មារតីខិតខំបន្តសកម្មភាពអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត បង្កើនមធ្យោបាយធ្វើកសិកម្ម រក្សាតម្លៃ និងស្វះស្វែងរកទីផ្សារលក់ផលិតផល ជូនប្រជាកសិករខ្មែរ ពិសេសត្រូវពង្រឹងសកម្មភាពចុះជួយមូលដ្ឋាន ជាប់ជានិច្ច។

ការជំរុញណែនាំបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោក ស សុខា និងលោកស្រី ចុះជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយ ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ យាយជី តាជី នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ លើទឹកដីស្រុកកំចាយមារ ដែលមានការចូលរួមពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ផងដែរ។

សារណែនាំសំខាន់ៗដែលលោក ស សុខា លើកឡើងក្នុងឱកាសនោះ ត្រូវបានក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ យុវជនបក្ស យល់ព្រមទទួលយក និងសន្យាថានឹងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជូន ដើម្បីបម្រើដល់ប្រជាពលរដ្ឋមូលដ្ឋាន សំដៅទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ ជូនគណបក្សប្រជាជនកម្ពុជា។

លោក ស សុខា បានថ្លែងថា «ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត បង្កើនមធ្យោបាយធ្វើកសិកម្មជូនកសិករ រក្សាតម្លៃ និងស្វែងរកទីផ្សារជូនសកិករ»។

លោកអ្នកតំណាងរាស្រ្តបានបន្តថា បេក្ខភាពក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ និងយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវបន្តសកម្មភាព និងពង្រឹងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅរកភាពជោគជ័យ គ្រប់ការបោះឆ្នោត ជាពិសេសតាមដាន និងគ្រប់គ្រងស្ថានការណ៍មូលដ្ឋាន ឲ្យបានទាន់ពេលវេលា។ លោកបានបញ្ជាក់ថា «រាជរដ្ឋាភិបាលបានបង្កើនកញ្ចប់ថវិកា ដើម្បីអភិវឌ្ឍន៍ឃុំ-សង្កាត់»

តំណាងរាស្រ្តវ័យក្មេងរូបនេះ បានសង្កត់ធ្ងន់ទៀតថា នៅខេត្តព្រៃវែង មិនអនុញ្ញាតឲ្យមានការរំខាន ឬបិទការិយាល័យបោះឆ្នោត ដូចការបោះឆ្នោតសកលកាលពីឆ្នាំ២០១៣ ទៀតឡើយ។
ចំណែកយុវជនអង្កេតការណ៍បោះឆ្នោតទាំងអស់ ត្រូវចេះអំពីច្បាប់ និងនីតិវិធីនៃការរៀបចំការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

ក្នុងពិធីសំណេះសំណាលនោះ លោក ស សុខា និងលោកស្រី ក៏បានចែកអំណោយជាគ្រឿងឧបភោគ-បរិភោគមួយចំនួន ដល់តាជី យាយជី ចំនួន៣០០នាក់ ក្នុងម្នាក់ទទួលបាន អង្ករ២៥គីឡូក្រាម មុង១ ភួយ១ ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង អំបិល ប្រេងឆា ថវិកា២ម៉ឺនរៀល។ ចំណែកក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សរុប១,១៧៩នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀល៕