(កណ្ដាល)៖ រថយន្តគ្មានស្លាកលេខម៉ាក Celica មួយគ្រឿង ខណៈជាន់លឿនដូចព្យុះ បម្រុងនឹងវ៉ាឲ្យផុតរថយន្តមួយគ្រឿងទៀត នៅលើផ្លូវជាមួយគ្នានោះ ក៏រ៉េចង្កូតជ្រុលបុកចូលរោងការនៅក្បែរផ្លូវ ពេញមួយទំហឹង លាន់ដូចភ្នំបាក់ បណ្ដាលឲ្យបុរសចុងភៅ២នាក់ រងរបួសបាក់ភ្លៅធ្ងន់ធ្ងរ និងយុវជនម្នាក់ទៀតរបួសស្រាល ផ្អើលអស់អ្នកភូមិឈូឆរពេញទឹកពេញដី។
ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ មុននេះបន្តិច តាមបណ្ដោយផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រះគយ ស្រុកស្អាង ខេត្តកណ្ដាល។
ភ្នាក់ងារអង្គភាព Fresh News បានរាយការណ៍មកថា បុរសចុងភៅជាជនរងគ្រោះទាំង២នាក់នោះ ម្នាក់ឈ្មោះ គំ រី អាយុ៤៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ប៊ិត គង អាយុ៦០ឆ្នាំ អ្នកទាំងពីររស់នៅភូមិព្រែករុន ឃុំព្រះគយ ស្រុកស្អាង រងរបួសបាក់ភ្លៅទាំងពីរនាក់តែម្ដង ព្រោះកំពុងឈរធ្វើម្ហូបការជាមួយគ្នា។ ចំណែកយុវជនម្នាក់ ដែលរបួសស្រាលនោះ មានឈ្មោះ យ៉ុន យ៉េត អាយុ១៧ឆ្នាំ រស់នៅភូមិទ្រាក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ភ្នាក់ងារអង្គភាព Fresh News បានបន្តថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសាររថយន្ត Celica ខាងលើ បើកលឿនពេក ក្នុងបំណងដើម្បីវ៉ាឲ្យផុតពីរថយន្តមួយទៀត តែជាអកុសល ការប្រជែងដ៏ប្រថុយនេះ បែរជាត្រូវបរាជ័យនៅកណ្ដាលទីទៅវិញ ដោយរថយន្ត Celica នេះ លឿនជ្រុលពេកជាន់ហ្រ្វាំងអត់ទាន់ ក៏រ៉េចង្កូតបុកចូលរោងការទាំងកម្រោល បណ្ដាលឲ្យរងរបួសពលរដ្ឋទាំងបីនាក់ខាងលើតែម្ដង។
ក្រោយជួបគ្រោះថ្នាក់ ចុងភៅរាសីដាក់ទាំងពីរនាក់ខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមដែរ ចំណែកទ្រព្យសម្បត្តិ និងម្ចាស់រថយន្តបង្កខាងលើ មិនទាន់ដឹងថា មានបញ្ហាខូចខាតយ៉ាងណានោះទេ៕