(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីជំនាញ និងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបន្ត ចុះត្រួតពិនិត្យទំនិញហួស សុពលភាព និងខូចគុណភាព ដែលអាជីវករដាក់តាំងលក់នៅតាមតូប ព្រមទាំងធ្វើតេស្តចំណីអាហារនៅផ្សាសាលាក្រៅស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក សាន វិជ្ជាសារ៉ាវុធ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីបញ្ហាសុខភាពជូនប្រជាពលរដ្ឋ ខាងមន្ត្រីកាំកុងត្រូលសាខាខេត្តប៉ៃលិន តែងតែងសហការ ជាមួយខាងមន្ទីរពាណិជ្ជកម្មខេត្ត ចុះប្រតិបត្តិការណែនាំ ដល់ប្រជាពលរដ្ឋ អាជីករ ឈ្មួញនានា ដើម្បីឲ្យពួកគាត់យល់ដឹងពីបញ្ហាសុខភាព ការវេចខ្ចប់ ទំនិញមិនមានច្បាប់អនុញ្ញាត ទំនិញខូចគុណភាព និងរាល់មុខទំនិញគ្រប់ប្រភេទ ហើយសាខាកាំកុងត្រូល តែងតែដកហូតនូវទំនិញ ដែលហួសសុពលភាព និងខូចគុណភាពយកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោលផងដែរ។
ពេលចុះត្រួតពិនិត្យទំនិញនៅតាមតូបលក់របស់អាជីវករ លោក សាន វិជ្ជាសារ៉ាវុធ និងក្រុមការងារ បានយកឧបករណ៍ធ្វើតេស្តបឋមចំនីអាហារដែលប្រជាពលរដ្ឋធ្វើការបរិភោគជាវៀងរាល់ថ្ងៃ នៅផ្សាសាលាក្រៅ មានដូចជា៖ គុយទាវ ប្រហិត ត្រី ស្កត្នោត ដើម្បីស្វែងរកសារធាតុគីមី ហ្វ័រម៉ាលីន ជាលទ្ធផលគ្មានសារធាតុទាំងនោះទេ គឺអាចប្រើប្រាស់បាន។
លោកបានបន្តថា សារធាតុប៉ូរ៉ាគ និងហ្វ័ម៉ាលីននេះ ដែរធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង និងបង្ករឲ្យមានជំងឺក្អួតឈាមមហារីកជាដើម ដូច្នេះហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋអ្នកលក់និងអ្នកទិញត្រូវប្រុងប្រយ័ត្នបំផុត ចំពោះសារធាតុគីមី ហ្វ័រម៉ាលីន និងប៉ូរាគសូមកុំយកមកដាក់លើចំនីអាហារ។
លោក សាន វិជ្ជារ៉ាវុធ និងក្រុមការងារ ក៏បានធ្វើការត្រួតពិនិត្យមើលទំនិញហួសសុពលភាព និងខូចគុណភាពនៅតាមតូបនីមួយៗ ដែលដាក់តាំងលក់នៅក្បែរផ្សាសាលាក្រៅ ហើយលោក ក៏បានធ្វើការពន្យល់ណែនាំ ដល់អាជីវករទាំងអស់កុំឲ្យយកទំនិញដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវមកដាក់តាំងលក់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។
លោកបានបន្តទៀតថា សូមអាជីវករទាំងអស់មុននិងទិញទំនិញ យកមកដាក់តាំងលក់ត្រូវពិនិត្យមើលកាលបរិច្ឆេតផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកំណត់ ដកហូតដែលនាំឲ្យខាតបង់សេដ្ឋកិច្ចគ្រូសាររបស់បងប្អូន ព្រោះថាទោះបីទំនិញនោះមិនទាន់ហួសកាលកំណត់ប្រើប្រាស់ក៏ដោយ តែវាមានលក្ខណៈខូចគុណភាព ក៏ធ្វើការដកហូតដែរដូចនេះត្រូវចេះថែរទាំ ឲ្យបានល្អដើម្បីកុំឲ្យខាតបង់ប្រាក់កាក់។ លោក ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះចូលរួមនិងយល់
អំពីការមើលទំនិញដែលខូចគុណភាព ហួសសុពលភាពគឺដើម្បីសុខភាព យើងទាំងអស់គ្នា។
ជាចុងក្រោយ លោកក៏បានសង្កត់ធ្ងន់ថា បើសិនអាជីវករទាំងអស់មិនគោរព និងធ្វើតាមការណែនាំរបស់សាខាកាំត្រូលទេ នឹងត្រូវធ្វើទៅតាមច្បាប់ដោយមាត្រាទី១៦ និង៦៣ ដោយផ្តន្ទទោសពី១ខែទៅ១ឆ្នាំ ដែលយកទំនិញដែលខូចគុណយកលក់តាំងលក់ឲ្យប្រជាជន ដែលបណ្តាលឲ្យខូចសុខភាពជាច្រើននាក់។
គួរបញ្ជាក់ថា ក្នុងពេលចុះពិនិត្យទំនិញ សមត្ថកិច្ចកាំកុងត្រូវបានដកហូតទំនិញខូចគុណភាពមួយចំនួនពីអាជីវករ ដើម្បីយកទៅកំទេចចោលរួមមាន៖ ទឹកក្រូចដបជ័រ៣៤ដប ទឹកក្រូចដបជ័រcheary ៤០៨ដប ស្រាបៀកំប៉ុង៥២កំប៉ុង នំស្រួយលីលី១កញ្ចប់ធំ ទឹកក្រូចកំប៉ុង១៦កំប៉ុង ទឹកត្រចៀកកាំ១០កំប៉ុង កំទិចមី៣៣កញ្ចប់ធំ នំបុ័ងកញ្ចប់៣២កញ្ចប់ធំ នំធុង ១ធុង យកទៅរក្សាទុក នៅស្នាក់ការកាំកុងត្រូលខេត្ត ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕