(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រុមការងារអន្តរក្រសួង នៃគណៈកម្មការបង្ការ និងបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបកំពុងសិក្សារៀបចំចេញសារាចរណ៍ស្តីពីការ នេសាទ ដើម្បីបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ក្រោយបើកកិច្ចប្រជុំដាក់ចេញវិធានការបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសានាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ថា សារាចរណ៍ ដែលគ្រោងរៀបចំថ្មីនេះ នឹងមានការកំណត់នូវប្រភេទឧបករណ៍ ដែលហាមប្រើប្រាស់ដាច់ខាតក្នុងការនេសាទ និងឧបករណ៍ណាខ្លះ ដែលប្រជាពលរដ្ឋអាចនេសាទបានដោយមិនបាច់សុំការអនុញ្ញាត និងឧបករណ៍ណាខ្លះចាំបាច់ត្រូវសុំការអនុញ្ញាតពីសង្កាត់រដ្ឋបាលជលផល។
សារាចរណ៍នោះ ក៏នឹងមានចែងពីការកំណត់ប្រភេទកាណូតនេសាទរបស់ប្រជានេសាទផងដែរ។ បើតាមលោក វេង សាខុន មានកាណូតរបស់អ្នកល្មើនេសាទមួយចំនួននាពេលបច្ចុប្បន្ន មានល្បឿនលឿនធ្វើឲ្យសមត្ថកិច្ចតាមមិនទាន់ ហើយការកំណត់ប្រភេទកាណូត និងតម្រូវឲ្យមានការចុះបញ្ជីច្បាស់លាស់នេះ ក៏នឹងបង្កលក្ខណៈងាយស្រួលសម្រាប់កំណត់មុខសញ្ញាក្រុមនេសាទល្មើសច្បាប់ផងដែរ។
បើតាមលោករដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងសារាចរណ៍ថ្មីនេះ ក៏នឹងនិយាយផងដែរ ពីការពង្រឹងកិច្ចសហការរវាងតុលាការ ជាមួយជលផល និងកែប្រែចំនួនផាកពិន័យឡើងវិញ។ សារាចរណ៍ ក៏នឹងនិយាយពីការរៀបចំថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការចុះបង្រ្កាបបទល្មើសផងដែរ។
លោក វេង សាខុន ក៏បានបញ្ជាក់ផងដែរ ពីការប្តេជ្ញាចិត្តបន្តយុទ្ធនាការបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបឲ្យដូចភ្លៀងរលឹម ខណៈបទល្មើសលើផ្ទៃបឹងទន្លេសាបនៅតែកើតមានច្រើន ជាពិសេសនៅក្នុងខេត្តកំពង់ធំ៕