(ស្វាយរៀង)៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអណ្តូងទឹកស្នប់ថ្មី ចំនួន៤ ជូនដល់ប្រជាពលរដ្ឋរស់នៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលជាជំនួយរបស់អង្គការវិទ្យាស្ថានសន្ទនាមេគង្គ (MDI) ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ពិធីសម្ពោធនេះ ធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ហើយអណ្តូងទឹកទាំង៤នេះ គឺមានគុណភាពដែលទឹកអាច ប្រើប្រាស់ បានជារៀងរាល់ខែ មិនថារដូវវស្សា ឬរដូវប្រាំងនោះឡើយ។ លោករដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជួយថែរក្សាទាំងអស់គ្នា និងសំណូមពរដល់អង្គការ MDI បន្តការងារនេះទៀត ដើម្បីប្រជាជនកម្ពុជាឈ្ពោះទៅរក ការរីកចម្រើន។
លោក ហាខាន់ អាតាសឺវ័រ នាយកប្រតិបត្តិ នៃអង្គការវិទ្យាស្ថានសន្ទនាមេគង្គ បានលើកឡើងថាអណ្តូងទឹកស្នប់ថ្មី ចំនួន៤នេះ ដែលជាសមិទ្ធផលអណ្តូងទី៨១ នៅទូទាំងប្រទេស ដែលជាការខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន តាំងពីចាប់ផ្តើមដំណើរការ នៃអង្គការមក។
លោកនាយកបានបន្តថា មនុស្សទាំងអស់គ្នារស់នៅលើភពផែនដី ផ្ទះតែមួយ ដូច្នេះមនុស្សទាំងអស់ប្រៀបដូចជា គ្រួសារនឹងគ្នាអញ្ចឹង។ ហេតុដូចនេះហើយ មនុស្សត្រូវមានកាតព្វកិច្ចក្នុងការធានាឲ្យបានថា អាចរស់នៅបានប្រកបដោយ សុខុមាលភាព សុខដុមរមនា និងភាពរីកចម្រើនតទៅមុខ។ នេះគឺជាអ្វីដែលបានផ្តល់ជាកម្លាំង ចិត្តដល់វិទ្យាស្ថានខិតខំធ្វើការ ជួយដល់មនុស្សជាតិ ដោយមិនគិតពីការនឿយហត់។
ដោយមានការចូលរួមសហការ ពីដៃគូផ្តល់ជំនួយអន្តរជាតិ វិទ្យាស្ថានបានសាងសងអណ្តូងទឹកស្នប់ សរុបចំនួន៨១ ធ្វើការ ជួសជុលនូវមជ្ឈមណ្ឌលកុមារកំព្រា និងបង្កើតកន្លែងសម្រាប់និសិត្សស្នាក់នៅ ចំនួន៤ ការផ្តល់សម្ភារៈជាច្រើនទៀត ជូនដល់ក្មេងកំព្រា ការផ្តល់ជូនអាហារដល់ជនក្រីក្ររងគ្រោះ ដោយសារទឹកជំនន់ ផ្តល់សាច់គោជាង៥តោន ជូនប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ ផ្តល់នូវអាហាររូបករណ៍ដល់សិស្សក្រីក្រ ជាង១០០នាក់ និងសកម្មភាពជាច្រើនមួយចំនួនទៀត ដូចជា ការអប់រំ វប្បធម៌ និងសង្គម។
តំណាងអង្គការ MDI រូបនេះ បានសន្យាថានឹងបន្តការខិតខំប្រឹងប្រែងទៅមុខទៀត ដើម្បីកម្ពុជាឈ្ពោះទៅរកការរីកចម្រើន។ កិច្ចខិតខំជួយដល់អ្នកដែលជួបប្រទះនឹងក្តីលំបាក វិទ្យាស្ថាននឹងបន្តទៅមុខជានិច្ច ដោយមិនមានការស្ទាក់ស្ទើរ ក្នុងការចេញមុខជួយនៅគ្រប់កាលៈទេសៈទាំងអស់៕