(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅដល់ការចុះបង្រ្កោបជាក់ស្ដែង ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ដកហូតបានថ្នាំក្រាមសថ្លា១៧កញ្ចប់តូច (សង្ស័យជាថ្នាំញៀន) នៅវេលាម៉ោង០២៖៣០នាទីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ នៅចំណុចបន្ទប់ជួលលេខ១០ ក្រុម២៤ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ម៉េង វិមានតារា អធិការងខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ណូក វ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ មានស្រុកកំណើតភូមិព្រៃស្ទាំង ឃុំអង្គររាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង​(ជួញដូរ) និងជនសង្ស័យទី២៖ ឈ្មោះ លាង ឆូយ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅ បន្ទប់ជួលជាមួយគ្នា មានស្រុកកំណើតភូមិសំប៉ាន ឃុំព្រែកអំពិល ស្រុកស្អាង ខេត្តកណ្ដាល(ជួញដូរ) និងដកហូតបានថ្នាំ​ក្រាមសថ្លា១៧កញ្ចប់​ថង់តូច(សង្ស័យជាថ្នាំញៀន) និងទុយោជ័រ១កំណត់ នៅក្នុងបន្ទប់ជួល របស់ជនសង្ស័យទាំង២នាក់៕