(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានស្នើទៅដល់អភិបាល​ខេត្តនៅជុំវិញបឹង​ទន្លេសាប សិក្សារៀបចំទិសដៅយូរអង្វែងនាំប្រជាពលរដ្ឋរស់នៅលើផ្ទៃបឹងទន្លេសាប ទៅរស់នៅលើគោកវិញ ដើម្បីបញ្ចៀស​ភាពអនាធិបតេយ្យលើ ផ្ទៃបឹងទន្លេសាប និងដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ផងដែរ។

ការណែនាំរបស់លោក វេង សាខុន បានធ្វើឡើងក្នុងកិច្ចប្រជុំរៀបចំ និងដាក់ចេញផែនការបង្រ្កាប​បទល្មើសនេសាទលើផ្ទៃបឹង​ទន្លេសាបរបស់គណៈកម្មការបង្ការ និងបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ​នេះ។

លោក វេង សាខុន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា លោក បានណែនាំដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវតែរៀបចំ ទិសដៅយូរអង្វែង ក្នុងការនាំប្រជាពលរដ្ឋចេញពីផ្ទៃបឹងទន្លេសាប ព្រោះមិនអាចឲ្យបន្តរស់នៅលើទឹក ដែលនាំឲ្យកាន់តែមានអនាធិបតេយ្យ និងបង្កការកខ្វក់ទឹកនោះឡើយ។

ជាមួយការនាំឲ្យទៅរស់នៅលើគោកហើយនោះ ត្រូវរកផ្ទៃដីសម្រាប់ប្រជាពលរដ្ឋធ្វើកសិកម្ម និងចិញ្ចឹមត្រីជាដើម ដើម្បីជួយលើកកម្ពស់ជីវភាពឲ្យបានល្អប្រសើរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វេង សាខុន។

លោក វេង សាខុន បានគត់សម្គាល់ទៀតថា ប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទៃបឹងទន្លេសាបមិន​សូវជាមានជីវភាពធូរធារ​នោះឡើយ។

សូមបញ្ជាក់ថា ផ្ទៃបឹងទន្លេសាប ដែលត្រូវបានចាត់ទុកជាជង្រុកត្រីរបស់កម្ពុជានោះ ក៏កំពុងក្លាយជាកន្លែងរស់​នៅលើផ្ទៃទឹក​យ៉ាងច្រើនផងដែរ ពីប្រជាពលរដ្ឋខ្មែរ និងពួកអន្តោប្រវេសន៍វៀតណាម។ ការរស់នៅរបស់ប្រជាពលរដ្ឋលើផ្ទៃបឹងទន្លេសាបនេះ ត្រូវបានគេមើលឃើញថា បានបង្កភាពកខ្វក់ធ្ងន់ធ្ងរនៅក្នុងផ្ទៃបឹងទន្លេសាប។

មិនទាន់មានការបង្ហាញរបាយការណ៍ពីចំនួនប្រជាពលរដ្ឋរស់នៅលើផ្ទៃបឹងទន្លេសាបនោះឡើយ។ តែក៏មានការសាទរច្រើន​ចំពោះផែនការជម្លៀសប្រជាពលរដ្ឋចេញពីលើផ្ទៃបឹងទន្លេសាប ព្រោះជួយឲ្យបរិស្ថានលើផ្ទៃបឹង​ទន្លេសាបបានល្អប្រសើរ​ឡើងវិញ៕