(បន្ទាយមានជ័យ)៖ ដោយមានការផ្សព្វផ្សាយពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល អំពីផលប៉ះពាល់ នៃអាហារបំប៉នឈ្មោះ PC Organic Brand ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រព័ន្ធសរសៃប្រាសាទ ក្មេង និងកុមារតូចៗនោះ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងស្វែងរកផលិតទាំងនេះ នៅផ្សារចំនួន២គឺផ្សារហ៊ុយឡេង និងផ្សារសេរីសោភ័ណ្ឌ។
យុទ្ធនាការនេះបានធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ ដែលបានដឹកនាំមន្រ្តីជំនាញ បានបញ្ជាក់ថា «នៅថ្ងៃនេះ យើងបានចុះស្រាវជ្រាវ រកផលិតផលអាហារបំប៉ន ដែលមានឈ្មោះខាងលើ សំដៅធ្វើយ៉ាងណា ដើម្បីកុំឲ្យមានការដាក់តាំងលក់ ឬធ្វើចរាចរណ៍ នៅក្នុងទីផ្សារ នៅខេត្តបន្ទាយមានជ័យ។ មន្ត្រីជំនាញរបស់យើងបានចុះត្រួតពិនិត្យ តាមម៉ាតធំៗ តាមផ្ទះ និងផ្សារចំនួន២គឺគឺផ្សារហ៊ុយឡេង និង ផ្សារសេរីសោភ័ណ្ឌ តែជាលទ្ធផលយើងពុំបានរកឃើញ អាហារបំប៉ននេះទេ»។
បើតាមលោក ហុង លៀង នៅថ្ងៃដដែលនេះដែរ កម្លាំងសមត្ថកិច្ចជំនាញ ដែលបានឈរជើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏បានស្ទាក់ចាប់បាន សាច់មាន់ ជង្គង់មាន់ខូចគុណភាពចំនួន១០០គីឡូក្រាមផងដែរ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងពីការរាំងខ្ទប់ និងតាមស្វែងរកផលិតផលអាហារ សម្រាប់ទារក និងកុមារតូច «PC Organic Brand» លើទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីមន្រ្តីបាលឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក បានជូនដំណឹងថា ក្រុមហ៊ុន Loblaw Company Limited បានប្រមូលផលិតផលទាំងនេះ ពីទីផ្សារប្រទេសកាណាដាវិញ ដោយសារតែរកឃើញមានបាក់តេរី កំពុងលូតលាស់ នៅក្នុងផលិតផលទាំងនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
សេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលអង្គភាព Fresh News ទទួលបានកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា «ស្ព័ររបស់បាក់តេរីនេះ នៅក្នុងលក្ខខណ្ឌសមប្រកប (មានខ្យល់ មានភាពសើម) អាចលូតលាស់ដុះដាល និងផលិតសារធាតុពុលខ្លាំង ចំពោះកោសិកាសរសៃប្រសាទ ដែលនិងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ហើយក្នុងករណីធ្ងន់ធ្ងរ បណ្ដាលឲ្យស្លាប់បាត់ជីវិតផងដែរ»។
អគ្គនាយកដ្ឋានកាំកុងត្រូវ បាននិងកំពុងចាត់វិធានការ រួមមាន៖ រាំងខ្ទប់មិនឲ្យនាំចូលផលិតផលទាំងនោះ, ផ្ដល់ព័ត៌មានដល់ ក្រុមហ៊ុននាំចូល ដល់អាជីវករលក់ដុំ និងរាយ ក្នុងករណីមាននាំចូល និងមានចរាចរណ៍លើទីផ្សារ និងត្រួតពពិនិត្យនៅតាមទីផ្សារធំតូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធី បើមានការដាក់តាំងលក់៕