(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនានៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ បានបន្តបើកវគ្គបណ្ដុះបណ្ដាលដល់អាចារ្យខ្មែរ ជាង១០០អង្គ/នាក់ ដែលនិមន្ត និងអញ្ជើញមកពីបណ្តាខេត្តចំនួន២១ ដើម្បីបញ្ជ្រាបឲ្យកាន់ច្បាស់ អំពីក្រមសីលធម៌ធម្មវិន័យ ក្នុងវិស័យពុទ្ធសាសនា និងវិស័យពាក់ព័ន្ធនានា។

មន្រ្តីក្រសួងធម្មការ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះជាវគ្គទី២៣ហើយ ហើយបានប្រារព្ធឡើងក្រោមវត្តមានលោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ តំណាងឲ្យទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ នៅពុទ្ធសាសនបណ្ឌិត្យ រាជធានីភ្នំពេញ។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ នៅវត្តចន្ត្រី ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ឯណោះទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ក៏បានចុះទៅបើកវគ្គបណ្តុះបណ្តាល ក្រមសីលធម៌អាចារ្យខ្មែរនេះដែរ ក្នុងនោះមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះគ្រូចៅអធិការ ព្រះសង្ឃ និងពុទ្ធបរិស័ទ ជាង២១០អង្គ/នាក់៕