(កណ្ដាល)៖ ដោយមានការសំណូមពរពីប្រជាពលរដ្ឋក្នុងឃុំព្រែកស្លែង ខេត្តកណ្តាល អំពីបញ្ហាផ្លូវចំនួនពីរខ្សែចូលឃុំពួកគាត់ ពិបាកធ្វើដំណើរ លោក លឹម ប៊ុណ្ណា ប្រធានក្រុមហ៊ុន «LBN»បានយកគ្រឿងចក្រ ទៅជួសជុល និងដាក់ប្រព័ន្ធលូររំដោះទឹក ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សនៅទីនោះផងដែរ។

លោក លឹម ប៊ុណ្ណា នាយកក្រុមហ៊ុន «LBN» គ្រុប បានប្រាប់ឲ្យដឹងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះថា ផ្លូវដែលត្រូវជួសជុលនាពេលនេះ មានចំនួន២ខ្សែដោយខ្សែទី១ មានប្រវែង៥០ម៉ែត្រ ឆ្លងកាត់ភូមិពន់ចាន ឆ្ពោះទៅកាន់ភូមិផ្សេងទៀត និងខ្សែទី២មានប្រវែង៣៦០ម៉ែត្រ កាត់ភូមិតាថុកឆ្ពោះទៅកាន់ភូមិផ្សេងៗទៀតផងដែរ។

លោកបានបន្តទៀតថា ផ្លូវទាំងពីរខ្សែនេះ ចាប់តាំងពីបើកដណើរការស្ថាបនារហូតធ្វើរួចនោះ គឺដោយសារមានការឧបត្ថម្ភគាំទ្រ ពីលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ដែលលោកបានលះបង់ថវិកាផ្ទាល់ខ្លួន ដើម្បីជួសជុលផ្លូវលំទាំង២ខ្សែនេះ ឲ្យប្រជាពលរដ្ឋ ដូច្នេះនេះ គឺជាការយកចិត្តទុកខ្ពស់របស់ថ្នាក់ដឹកនាំ ខេត្តកណ្តាលដែលតែងតែ គិតពីទុកលំបាករបស់ប្រជាពលរដ្ឋ ទូរទាំងខេត្តកណ្តាល។

លោក ស៊ុន សុខរិន ជាប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកស្លែងបាននិយាយថា ផ្លូវចំនួន២ខ្សែចូលភូមិពន់ ចាននិងភូមិព្រៃតាថុក ក្នុងឃុំ ព្រែកស្លែងនេះ កាលពីមុនទាន់ជួសជុលនោះនៅពេលមានភ្លៀងធ្លាក់ម្តងៗ គឺបែកល្បាប់រអិលធ្វើដំណើរមិនរួច កូនៗពួកគាត់ ទៅរៀនសូត្រដួលប្រឡាក់ទៅសាលាមិនកើត លុះដល់រដូវប្រាំងវិញជង្ហុកធំៗ និងហុយពេលធ្វើដំណើរភ័យព្រួយនិងគ្រោះថ្នាក់ចរាចរ ឬធ្លាក់ជង្ហុកដួលនិងអាចគ្រោះថ្នាក់ជារ៉ើយៗផងដែរ។

លោកបានបន្តថា ដោយមើលឃើញពីទុ​ក្ខលំបាករបស់ប្រជាពលរដ្ឋបែបនេះទើប លោក លឹម ប៊ុណ្ណា នាយកក្រុមហ៊ុន «LBN» គ្រុបបាននាំយកគ្រឿងចក្រ មកស្ថាបនាជួសជុលជូនធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស មានការងាយស្រួលធ្វើដំណើរ អាចទៅរៀនសូត្របានដោយស្រួល៕