(កូរ៉េខាងត្បូង)៖ ដើម្បីឆ្លើយតបនិងសេចក្ដីត្រូវការជាចាំបាច់ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការថែរក្សាសុខភាពជូនប្រជាជនខ្មែរ ដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ក្រុមការងារស្ថានទូតដឹកនាំដោយលោក ឡុង ឌីម៉ង់ បានអញ្ជើញចុះ អនុស្សារណៈយោគយល់គ្នា រវាងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជាមួយសមាគមគ្រូពេទ្យទីក្រុងសេអ៊ូល ដឹកនាំដោយលោកស្រី Kim Sook Hee ប្រធានសមាគម នៅមជ្ឈមណ្ឌលសមាគម នាទីក្រុងសេអ៊ូល ស្ដីអំពីការពិនិត្យ ប្រឹក្សាយោបល់ និងព្យាបាលដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាបក្នុងករណីជម្ងឺធ្ងន់ធ្ងរ ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។
អនុស្សារណៈយោគយល់នឹងចុះហត្ថលេខាជាថ្មីរៀងរាល់ពីរឆ្នាំម្ដង ហើយជាជំហ៊ានដំបូងនេះ ប្រជាពលរដ្ឋខ្មែរអាចមកទទួលសេវាពិនិត្យ និងព្យាបាលនៅទីក្រុងសេអ៊ូល និងជាជំហានបន្ទាប់នឹងពង្រីកដល់ខេត្ត ដែលមានសាខារបស់សមាគមគ្រូពេទ្យទីក្រុងសេអ៊ូល។
សូមបញ្ជាក់ថា ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជា ការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃ របស់ប្រជាពលរដ្ឋខ្មែរយើង ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ បានជ្រាបថា នៅថៃ្ងអាទិត្យទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូត បានសហការជាមួយមូលនិធិគាំពារ សុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) នឹងបញ្ជូនក្រុមគ្រូពេទ្យរបស់មូលនិធិ ចុះពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលគាំពារពលករបរទេស ទីក្រុងអឺយចុងប៊ូ ជាន់ទី៥ ចាប់ពីម៉ោង១២ដល់ម៉ោង១៨ល្ងាច។
នៅក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មាន និងក្រុមការងាររបស់ខ្លួន កាលពេលថ្មីៗនេះ ក្នុងហាងបឹងមាស ខណ្ឌជ្រោយចង្វារ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានឲ្យដឹងថា សម្រាប់ការរស់នៅ និងធ្វើការរបស់បងប្អូនខ្មែរយើងមួយចំនួន នៅកូរ៉េបានជួបបញ្ហាសុខភាព ដោយសារតែកត្តាអាកាសធាតុ (ត្រជាក់ខ្លាំង) ទីកន្លែងស្នាក់នៅ (តូចចង្អៀត) និងជាពិសេសនោះ គឺការហូបចុកតែម្តង ដែលពលករខ្លះ មានការត្បិតត្បៀត និងរិះខាំដូច្នេះពួកគេមិនសូវទិញអាហារ ឬម្ហូបណា ដែលមានជាតិប៉ូវកម្លាំងនោះទេ ដោយពេលខ្លះឆុងមីហូបពេញមួយថ្ងៃៗ ជាហេតុនាំប៉ះពាល់ដល់សុខភាព។
តែសម្រាប់យុទ្ធនាការចុះពិនិត្យ និងព្យាបាលជម្ងឺជូនពួកគាត់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ លោក ឡុង ឌីម៉ង់ បានលើកឡើងពីការចូលរួមយ៉ាងខ្លាំង លើការថែទាំងសុខភាពរបស់ពួកគេ ឲ្យមានភាពប្រសើរឡើងសម្រាប់ធ្វើការរាល់ថ្ងៃ និងកាត់បន្ថយការចំណាយ លើការសេវាសុខភាពទៀតផង៕