(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំបិទជិតពិសេសមួយរបស់គណបក្សប្រឆាំង កាលពីម្សិលមិញ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានទទួលស្គាល់ថា ជាសំឡេងសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបែកធ្លាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម Facebook ប៉ុន្មានថ្ងៃមកនេះ គឺជាសំឡេងរបស់លោក ដែលពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្រ្តី។ នេះបើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ ដែលបានទម្លាយប្រាប់ Fresh News នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ។

មន្រ្តីជាន់ខ្ពស់គណបក្សគណបក្សប្រឆាំង ដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថា «នៅក្នុងកិច្ចប្រជុំបិទជិតមួយ ឯកឧត្តម កឹម សុខា បានទទួលស្គាល់លើ សំឡេងជជែកពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន ហើយការជជែកនោះ ជាការពិភាក្សាផ្នែកនយោបាយ»

លោក លឹម គិមយ៉ា តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ក៏បានប្រាប់សារព័ត៌មានក្នុងស្រុកមួយ កាលពីម្សិលមិញ ដែលមានន័យស្រដៀងគ្នាដែរថា លោក កឹម សុខា បានទទួលស្គាល់ថា លោកពិតជាបានឆ្លើយឆ្លងជាមួយសម្តេចហ៊ុន សែន ប៉ុន្តែលោកប្តេជ្ញាស្មោះត្រង់ជាមួយគណបក្សសង្រ្គោះជាតិ មិនរត់ចោលបក្ស និងមិនបោះបង់ចោលលោក សម រង្ស៊ី នោះទេ។

លោក លឹម គិមយ៉ា បាននិយាយយ៉ាងដូច្នេះថា «លោកប្រធានកឹម សុខា ហ្នឹង ក៏បាននិយាយពីស្ថានភាពនយោបាយ ពីរឿងដែលខាង លោក ហ៊ុន សែន ហ្នឹងផ្សាយសាររបស់គាត់ ដែលនិយាយជាមួយនឹងគាត់ ហើយគាត់បានឱ្យយោបល់ទៅគ្នាយើង កុំឱ្យបារម្ភជាមួយនឹងគាត់។ គាត់ស្មោះត្រង់នឹងបក្ស ស្មោះត្រង់ នឹងលោកប្រធាន សម រង្ស៊ី។ ការដែលមាននោះ គឺជាដំណោះស្រាយនយោបាយនៅក្នុងបរិបទ សព្វថ្ងៃនេះ គាត់បានថាអ៊ីចឹង»

កាលពីព្រលប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧កន្លងទៅ សំឡេងសន្ទនាតាមទូរស័ព្ទដ៏សម្ងាត់បំផុតមួយរវាង លោក កឹម សុខា និងសម្តេចតេជោ ហ៊ុន សែន ត្រូវបានបែកធ្លាយលើទំព័រហ្វេសបុកមួយឈ្មោះ «សីហា» ពោលគឺការបែកធ្លាយនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ចេញលិខិតបដិសេធចំពោះសាររវាងនាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី ជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។

ក្នុងសំឡេងសន្ទនាតាមទូរស័ព្ទជាង២០នាទីនោះ បានបង្ហាញថា លោក កឹម សុខា លួចមានទំនាក់ទំនងសម្ងាត់ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីរៀបផែនការកំចាត់លោក សម រង្ស៊ី ចេញពីបក្ស ហើយខ្លួននឹងឡើងជំនួស។ ដើម្បីជំរុញរឿងនេះ លោក កឹម សុខា ក៏បានស្នើសុំអន្តរាគមន៍ ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីរួចផុតពីការចោទប្រកាន់ទោសនៅតុលាការ ព្រមទាំងសុំការឯកភាពពីសម្តេចបានទៅចុះឈ្មោះបោះឆ្នោតផងដែរ។

ភ្លាមៗ ក្រោយបែកធ្លាយសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានចេញមុខមុនគេ ក្នុងការទទួលស្គាល់សំឡេងនេះថា ជាសំឡេងសម្តេចពិតប្រាកដមែន។ សម្តេចបានសួររកអ្នកដែលហ៊ានលួចថតសំឡេងសម្តេចតាមទូរស័ព្ទ។ ជាមួយគ្នានេះសម្តេចជឿជាក់ថា នៅលើពិភពលោកនេះ មានតែប្រទេសមហាអំណាច៣ប៉ុណ្ណោះ ដែលអាចមានលទ្ធភាពលួចស្តាប់សំឡេងរបស់គេពីចម្ងាយបាន នោះគឺប្រទេសអាមេរិក រុស្ស៊ី និងប្រទេសចិន។

ប៉ុន្តែផ្ទុយទៅវិញភ្លាមៗនោះដែរ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានរត់គេចខ្លួនទៅក្រៅប្រទេស ដើម្បីជៀសផុតពីការ អនុវត្តច្បាប់ នៅកម្ពុជា បានចេញមុខអះអាងតាមវិទ្យុគាំទ្រសហរដ្ឋអាមេរិកថា សំឡេងសន្ទនារវាង សម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា មិនមែនជាសំឡេងពិតនោះទេ ប៉ុន្តែជាសំឡេងដែលកាត់ត។ ប៉ុន្តែនៅពេលនេះលោក កឹម សុខា បានទទួលស្គាល់សម្លេងរបស់ខ្លួនហើយ វាផ្ទុយស្រឡះពីលើកឡើងរបស់លោក សម រង្ស៊ី។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញមុខចំអកដល់ លោក សម រង្ស៊ី ដែលហ៊ានអះអាងភ្លាមៗថា សំឡេងនោះគឺជាសំឡេងកាត់ត ទាំងសាមីខ្លួននៃភាគីសន្ទនាមិនទាន់ចេញមុខបកស្រាយ។ លោកបានចាត់ទុកថា ការចេញមុខបកស្រាយជំនួស សាមីខ្លួននេះ គឺជាការបង្វែងដាន និងបំភាន់សាធារណជន។

លោក សុខ ឥសាន បានបញ្ជាក់ថា «ឥទ្បូវជាការជាក់ស្តែង មិនអាចប្រកែកបាន គឺនៅថ្ងៃទី៧ ខែមីនា ២០១៧ ក្នុងអង្គប្រជុំគណកម្មាធិការអចិន្ត្រៃយ៍ គណបក្សសាង្គ្រោះជាតិ ឯកឧត្តម កឹម សុខា បានបញ្ជាក់ថា ការនិយាយាសារសងគ្នានោះគឺជាការពិតរវាង សម្តេចតេជោ ហ៊ុន សែន និងរូបលោក កឹម សុខា ដែលពិតជាបានពិគ្រោះគ្នារឿងនយោបាយមែន។ ឥទ្បូវសាម៉ីជន ឯកឧត្តម កឹម សុខា បានបញ្ជាក់ផ្ទាល់ខ្លួន ច្បាស់ៗហើយ តើ សម រង្សី មានអីបង្វែងដានទៀត? សរុបមក ការនិយាយសារសងគ្នា ដែលលេចចេញនោះ គឺជាការពិត មិនអាចប្រកែកបានឡើយ»

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានទម្លាយសារ ឆ្លើយឆ្លងទាំងអស់ ជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិតែម្តង ប្រសិនបើថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅកម្ពុជាមួយនេះ នៅតែផ្គើនមិនទទួលស្គាល់ សារសំឡេងសន្ទនារវាងសម្តេច និងលោក កឹម សុខា ដែលបានបែកធ្លាយកាលពីសប្តាហ៍មុន៕