(ស្វាយរៀង)៖ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានចាត់តំណាងរបស់ខ្លួននាំយកសម្ភារជាច្រើន មានទូកល្បាត ម៉ូតូប្រដេញ កែវយឹត និងវិទ្យុទាក់ទងមួយចំនួន ប្រគល់ជូនតំណាងកម្ពុជា ដើម្បីពង្រឹងការងារបោសសម្អាតគ្រឿងញៀននេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ពិសេសនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ។
ពិធីប្រគល់-ទទួលសម្ភារខាងលើ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គីម ជីនហាក់ តំណាងអគ្គរដ្ឋអាជ្ញាកូរ៉េ ក្នុងសិក្ខាសាលាមួយ ស្តីពីការពង្រឹងការិយាល័យ BLO នៅជុំវិញមហាអនុតំបន់ទន្លេមេគង្គ នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលមានការចូលរួមពី មន្រ្តីពាក់ព័ន្ធនៅកម្ពុជាចំនួន១៥នាក់ និងមន្រ្តីមកពីវៀតណាម ១៥នាក់។
អង្គសិក្ខាសាលា មានគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់ ការិយាល័យទំនាក់ទំនងព្រំដែន BLO នៅទូទាំងអនុតំបន់ ឲ្យកាន់ប្រសើរឡើងថែមទៀត តាមរយៈការសិក្សា និងចែករំលែកផ្លាស់ប្តូរបទពិសោធន៍ល្អៗ ពីគ្នាទៅវិញទៅមក។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា «កម្ពុជាមិនមែនជាប្រទេសដែលមានប្រវតិ្ត ប្រពៃណីដាំដុះ និងផលិតគ្រឿងញៀននោះទេ ប៉ុនែ្តចុងក្រោយនេះ កម្ពុជាក៏ដូចជា បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ និងនៅលើពិភពលោកដែរ គឺទទួលរងឥទ្ធិពលពីការផលិត និងការចរាចរគ្រឿងញៀន ដែលមានប្រភពមកតំបន់អាមេរិកខាងត្បូង អាហ្វ្រិក តំបន់អឌ្ឍចន្ទមាស តំបន់ត្រីកោណមាស ហើយបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ»។
ឆ្លើយតបនឹងបញ្ហាដ៏ស្រួចស្រាលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការយ៉ាងក្ដៅគគុក ដើម្បីប្រយុទ្ធប្រឆាំងការចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេស។ តាមរយៈលទ្ធផល នៃការបោសសម្អាតគ្រឿងញៀនជាបន្តបន្ទាប់ រយៈពេល២ខែ កន្លងមកនេះ កម្ពុជាបានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន១.៨៧៥ករណី និងឃាត់ខ្លួនជនល្មើស បានចំនួន ៤.៤២៥នាក់ ក្រោយមក បទល្មើសនេះក៏បានថយចុះទៅវិញគួរឲ្យកត់សម្គាល់។ តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា នៅតែអនុវត្តយុទ្ធនាការដ៏ពុះកញ្ជ្រោលនេះបន្តទៀត ពោលគឺឲ្យដូចភ្លៀងរលឹម។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានអំពាវនាវដល់ប្រទេសផ្តល់ជំនួយ និងទីភ្នាក់ងារអន្តជាតិនានា ត្រូវបន្តផ្តល់ការគាំទ្រជាជំនួយសម្ភារ ថវិកា បច្ចេកទេស មធ្យោបាយ ក៏ដូចជាជួយបង្វឹកសមត្ថភាពមន្រ្តីពាក់ព័ន្ធ ដើម្បីឱ្យផែនការកម្ទិចសំបុកគ្រឿងញៀននេះ អនុវត្តន៍ទៅបានជោគជ័យជាផ្លែផ្កាបន្តទៀត។
បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញ និងលើកឡើងពីលទ្ធផលមួយចំនួន រួចមក តំណាងរដ្ឋាភិបាលកូរ៉េ លោក គីម ជីនហាក់ បានឡើងប្រគល់ទូកល្បាត ២គ្រឿង ម៉ូតូប្រដេញ ៣គ្រឿង វិទ្យុទាក់ទង និងកែវយឺតមួយចំនួនទៀត ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមាននាយឧត្តមសេនីយ៍ មាស វិរិទ្ធ ជាតំណាងនៅទីនោះតែម្ដង៕