(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់៣ ខណ្ឌទួលគោក បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីបានទិញភេសជ្ជៈហ្សែនយ៉ា ចំនួន២៤៤កេស​ តម្លៃ២១០០ដុល្លារ មិនឲ្យលុយម្ចាស់ទំនិញ ដោយបានយកលុយជាង១ពាន់ដុល្លារ នេះទៅលេងល្បែងចាញ់ អស់ទើបគ្មានលុយសង។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី០៦​ ខែមីនា​ ឆ្នាំ២០១៧​ នៅម្តុំផ្សារដំបូលខៀវ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ រហូតមកដល់ វេលាម៉ោង៩យប់ថ្ងៃទី០៧ ខែមីនា​ ឆ្នាំ២០១៧​ ទើបរងគ្រោះឃើញ សហការជាមួយនគរបាលប៉ុស្តិ៍ទឹកល្អក់៣ ធ្វើការឃាត់ខ្លួន នៅចំណុចផ្សារហេងលី។

នគរបាលបានឲ្យដឹងថា ​ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ខា ដាវីត អាយុ៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រុកកំណើត ភូមិជុំរុំសាយធូ សង្កាត់អំពិល ក្រុងបាត់ដំបងខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះឈ្មោះ លី ស្រីពេជ្រ អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា​ ជនសង្ស័យជាម៉ូយបោះដុំទំនាក់ទំនងគ្នាជាយូរមកហើយ​។ លោកបន្តថា នៅរសៀលថ្ងៃទី០៦​ ខែមីនា​ ឆ្នាំ២០១៧​ នៅវេលាម៉ោងប្រហែល០២៖៣០នាទី​ ឈ្មោះ ខា​ ដាវីត​ បានមកជឿរហ្សែនយ៉ា​ របស់គាត់ចំនួន២៤៤កេស គិតជា ទឹកប្រាក់ស្មើនិង២១០០ដូល្លារ ដោយប្រាប់ថារយៈពេល១ម៉ោងក្រោយ និងយកលុយមកឲ្យ​ដោយសារជឿរទុកចិត្ត និងជាម៉ូយផងនោះ រួបគាត់ក៏ព្រមឲ្យទៅ។  

លុះដល់វេលាកំណត់បែរជាមិនឃើញយកលុយមកឲ្យ ខលទៅក៏មិនចូលរហូតមកដល់ថ្ងៃទី៧ ​ខែដដែល ទើបប្រទះឃើញនៅម្តុំផ្សារ ហេងលី ទើបប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក៣ ឲ្យឃាត់ខ្លួនតែដោយសារតែរឿងហេតុកើតឡើង នៅមូលដ្ឋានប៉ុស្តិ៍ចោមចៅ​ ទើបសមត្ថកិច្ច ប៉ុស្តិ៍ទឹកល្អក់៣ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅដោះស្រាយ។
​   
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា លុយដែលលក់ឥវ៉ាន់បានចំនួនជាង១ពាន់ដុល្លារ ហើយបានយកទៅលេងល្បែង ចាញ់អស់ទើបគ្មានលុយសងទៅលើម្ចាស់បំណុល។

​បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំដោះស្រាយបន្ត៕