(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងនៅថ្ងៃពុធនេះថា សម្តេចបានពិភាក្សារួចហើយជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីរៀបចំឱ្យស្រ្តីខ្មែរ ទទួលបានតំណែងជាអភិបាលខេត្តណាមួយ ឬច្រើនជាងនេះ។ សម្តេចបានចាត់ទុកថា ការរៀបចំបែបនេះគឺដើម្បីលើកកម្ពស់តម្លៃស្រ្តីខ្មែរ ឱ្យបានចូលរួមក្នុងការដឹកនាំនៅក្នុងស្ថាប័នសំខាន់ៗ។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីអបអរសាទរដល់ ទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៦ នៅសាលមហោស្រព កោះពេជ្រ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ។ ទិវានេះមានតំណាងស្រ្តី រួមទាំងថ្នាក់ដឹកនាំ មន្រ្តីជាច្រើនចូលរួមដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញរួចហើយនូវការកំណត់ឲ្យមានអភិបាលរងខេត្តជាស្រ្តី ប៉ុន្តែបច្ចុប្បន្នមិនទាន់មាន អភិបាលខេត្ត ឬអភិបាលរាជធានីជាស្រ្តីនៅឡើយ។ សម្តេចបានស្នើឲ្យមានការរៀបចំកំណត់ខេត្តណាមួយដាក់ស្រ្តីជាអភិបាលខេត្ត ហើយបើបាន ពីរខេត្តរឹតតែល្អ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងជំរុញឲ្យដាក់បេក្ខភាពស្រ្តីក្នុងតួនាទីសំខាន់ៗនៅតាមក្រសួង ស្ថាប័ននានារបស់រដ្ឋផងដែរ។ សម្តេចតេជោបានអំពាវនាវដល់ដៃគូអភិវឌ្ឍទាំងអស់ កុំអល់អែកក្នុងការដាក់កញ្ចប់ថវិកាក្នុងការលើកម្ពស់សមភាពយេនឌ័រនៅកម្ពុជា៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖