(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃពុធនេះ បានជំរុញឱ្យស្ថាប័ន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលរួមមានអង្គភាព យោធា កងរាជអាវុធហត្ថ និងនគរបាល ត្រូវរៀបចំឱ្យបានទូលំទូលាយថែមទៀតនូវបេក្ខភាពដឹកនាំជាស្រ្តី ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរដល់ទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៦ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ។ ក្នុងទិវានោះក៏មានតំណាងស្រ្តី រួមទាំងថ្នាក់ដឹកនាំ មន្រ្តីជាច្រើនចូលរួមដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងចំណោមអគ្គបញ្ជាការរងកងទ័ព កងយោធពលខេមរៈភូមិន្ទ គួរតែត្រូវមានស្រ្តីម្នាក់ យ៉ាងតិច ឱ្យធ្វើអគ្គបញ្ជាការរងកងទ័ព នាយរងសេនាធិការចម្រុះ ក៏គួរមានជាស្រ្តីដែរ បណ្តាភូមិភាគ យុទ្ធភូមភាគមានច្រើន ដូច្នេះគួរតែបណ្តុះបណ្តាលឱ្យមានស្រ្តីធ្វើជាអនុភូមិភាគ»

សម្តេចតេជោ បានបន្ថែមថា «យោធាខេត្តគួរតែត្រូវមានស្រ្តីម្នាក់ដែរ ក្នុងចំណោមមេបញ្ជាការប្រតិបត្តិការ មេបញ្ជាការរងប្រតិបត្តិការសឹក អាវុធហត្ថក៏ដូចគ្នាដែរ អាវុធហត្ថលើផ្ទៃប្រទេសក៏គួរតែមានម្នាក់ជាស្រ្តីដែរ ព្រោះនៅខាងអគ្គស្នងការនគរបាលជាតិដូចជា មានស្រ្តីម្នាក់ហើយ»។ សម្តេចបន្ថែម៖ «ខាងស្នងការគេបានរៀបចំហើយ នៅខាងកងទ័ព»

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ក្រសួងការពារជាតិ បានរៀបចំឱ្យមានការចូលរួមពីស្រ្តី និងថ្នាក់ដឹកនាំជាស្រ្តីតាំងពីថ្នាក់ទៀបរហូតដល់ថ្នាក់កំពូល។ លោកថា ស្រ្តីត្រូវបានបញ្ចូលក្នុងការដឹកនាំវិស័យយោធា ដោយក្នុងនោះក៏មានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកដ្ឋាន ការិយាល័យជាច្រើននាក់ ហើយនៅក្នុងកងយោធពលខេមរភូមិន្ទក៏ដូចគ្នា។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ក្នុងជួរថ្នាក់ដឹកនាំក្រសួងការពារជាតិ យើងបានបញ្ជ្រៀបស្រ្តីទាំងអស់ ទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ហើយតាមអង្គភាពផ្សេងទៀតយើងបានបញ្ជ្រៀបតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម»។ លោកបានបន្ថែមថា «នៅក្នុងកងយោធពលខេមរភូមិន្ទយើងបានបញ្ជ្រៀបស្រ្តី យេនឌ័រនេះ នៅគ្រប់ស្ថាប័នថ្នាក់ដឹកនាំរហូតដល់អគ្គបញ្ជាការដ្ឋាន»

ចំណែក លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ដែរថា នៅក្នុងកងរាជអាវុធហត្ថ ក៏មានការបញ្ជ្រៀបយេនឌ័រ តាំងពីថ្នាក់ទៀបរហូតដល់ថ្នាក់ខ្ពស់ផងដែរ។ លោកថា នៅក្នុងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បច្ចុប្បន្ននេះមានស្រ្តីចូលរួមប្រមាណ ជាង៣០០នាក់។

លោកបាននិយាយថា «នៅក្នុងកងរាជអាវុធហត្ថរបស់យើង យើងមានស្រ្តីប្រមាណជាង៣០០នាក់ ដោយនៅក្នុងនោះ ក៏យើងមានថ្នាក់ឧត្តមសេនីយ៍ វរសេនីយ៍ រហូតដល់ពលទាហាន មេទាហានរង អញ្ចឹងតួនាទីក៏មានចាប់ពីសមាជិករហូតដល់នាយរងការិយាល័យ អនុមន្ទីរ នាយនៅតាមបណ្តាខេត្ត និងនាយរងការិយាល័យលើផ្ទៃប្រទេសផងដែរ»

លោកបានបន្ថែមថា «កាលពីថ្ងៃទី០៣ ខែមីនា កន្លងទៅនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានដាក់ទិសដៅ ឱ្យតាមបណ្តាខេត្តទាំងអស់ជ្រើសរើសស្រ្តី ដើម្បីធ្វើជាមេបញ្ជាការរងផងដែរ ក្នុងនោះមានមេបញ្ជាការស្រុក មេបញ្ជាការរងខេត្ត ប៉ុន្តែត្រូវមើលលើសមត្ថភាពរបស់គាត់ដែរ»

នៅក្នុងឱកាសទិវាសិទ្ធិអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧នេះ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវឲ្យស្រ្តីខ្មែរទាំងអស់ ពង្រឹងសមត្ថភាពខ្លួនឱ្យបានកាន់តែច្រើន និងខ្លាំងក្លាថែមទៀត ដើម្បីកាន់នូវតំណែងធំៗទាំងអស់នោះ។

ក្រៅពីការរៀបចំស្រ្តីក្នុងជួរថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ, ស្រ្តីក្នុងវិស័យយោធារបស់កម្ពុជា ក៏បានបញ្ជូនទៅចូលរួមជួយសង្រ្គោះជាមួយនឹង កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិផងដែរ។ ចាប់តាំងពីឆ្នាំ២០០៦មក កងទ័ពកម្ពុជា ក្រោមទង់អង្គការសហប្រជាជាតិ បានទៅជួយសង្រ្គោះ ប្រទេសនានាលើពិភពលោក បានចំនួន ៤,១៧៧នាក់ ដែលក្នុងនោះក៏មានផងដែរនូវស្រ្តី ១៥១នាក់ ស្មើនឹងជាង ៣ភាគរយ៕

សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖