(បាត់ដំបង)៖ នៅទីបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ មានប្រារព្ធពិធីខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជារការយោធភូមិភាគទី៥ និងលោកស្រី ឡៃ គឹមហុង ប៊ុន សេង ប្រធានកិត្តិយសនារីយោធភូមិភាគទី៥។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីលោកឧត្តមសេនីយ៍ទោ ឯក សំអូន មេញ្ជាការង និងជាសេនាធិការយោធភូមិភាគទី៥ ថ្នាក់ដឹកនាំយោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរងកងពលតូច តំបន់ប្រតិបត្តិការសឹករងខេត្ត ភរិយា នាយទាហាន ក្នុងជួរថ្នាក់ដឹកនាំយោធភូមិភាគ យុទ្ធនារី ក្នុងរាជអាវុធហត្ថ កងនគរបាលជាតិ ស្ថានប័នស៊ីវិល និងនាយទាហានសរុប៣៥០នាក់។
លោកស្រី ឡៃ គីមហុង ប៊ុន សេង បានអាននូវព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរមាតាតជាតិខ្មែរ ក្នុងសេចក្តីថ្លៃថ្នូ សុភមង្គល ដោយបានរំលឹកខួបលើកទី១០៦ នៃទិវាអន្តរាជាតិនារី ៨មីនា ឆ្នាំ២០១៧នេះ ដែលជាព្រឹត្តការណ៍ដ៏សំខាន់ក្នុងការជម្រុញ និងលើកកម្កើងដល់ស្រ្តីនូវប្រវត្តិសាស្រ្តតស៊ូ របស់នារីទូទាំងសកលលោក ក៏ដូចជា ទូទាំងប្រទេសកម្ពុជា និងបានបង្ហាញពីសកម្មភាពលើកកម្ពស់តម្លៃ ឋានៈតួនាទីក្នុងរួមចំណែករបស់ស្រ្តី ជាពិសេសនារី ក្នុងជួរកងយោធពលខេមរភូមិន្ទ បានចូលរួមយ៉ាងសកម្មបម្រើក្នុងវិស័យការពារជាតិ។
នៅក្នុងពិធីនោះដែរ ក៏មានការជូនបាច់ផ្កា និងចុះហត្ថលេខាលើសៀវភៅកម្រងអនុសាវរីយ៍ និងមានសំនួរចម្លើយចាប់ឆ្នោតទទួលរង្វាន់ជាការសប្បាយ និងពិធីបំពាក់គ្រឿងឥស្សរយស ជូនលិខិតសរសើរប័ណ្ណសរសើរថ្នាក់យោធភូមិភាគទី៥ ដល់យុទ្ធនារីបុគ្គលមានស្នាដៃ និងសប្បុរសជនដែលបានចូលរួមឧត្ថមកន្លងមក។
លោឧត្តសេនីយ៍ឯក ប៊ុន សេង បានបញ្ជាក់ថា អស់រយៈពេល១០៦ឆ្នាំកន្លងផុតទៅ ដែលចលនានារីពិភពលោកបានទទួលការគាំទ្រជាសកល ដោយឡែក នៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់គាំទ្រ ជម្រុញការការលើកកម្ពស់សុខភាពយិនឌ័រ និងស្ថានភាពស្រ្តីនៅកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ចឈានទៅកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។
លោក ប៊ុន សេង បានគូសបញ្ជាក់បន្ថែមទៀតថា «ទោះបីនារីមានការរវល់ក្នុងកិច្ចការផ្ទះសម្បែងក្តី ក៏នារីក្នុងជួរកងទ័ព បានពុះពារគ្រប់ការលំបាកបម្រើការងារជូនជាតិមាតុភូមិផងដែរ ជាមួយ និងប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ពិតជាត្រូវបានផ្សព្វផ្សាយទូលំទូលាយ ក្នុងសង្គមកម្ពុជាទាំងមូល និងបានរួមចំណែកលើកកម្ពស់សមត្ថភាព តម្លៃនារី ខ្មែរក្នុងសង្គមជាតិបានល្អ។
លោក ប៊ុន សេង បានធ្វើការវាយតម្លៃខ្ពស់ ចំពោះនារីក្នុងជួរកម្លាំងប្រដាប់អាវុធ កងនគរបាល កងរាជអាវុធហត្ថ កងអង្គភាពស៊ីម៉ាក់ នៃកងយោធពលខេមរភូមិន្ទប្រឹងប្រែង យកអស់កម្លាំងកាយចិត្តដើម្បីសម្រេចបាននូវភាពឧត្តុងឧត្តម ក្នុងការអភិវឌ្ឍន៍ជាតិមាតុភូមិ។
នៅក្នុងអង្គពិធីនេះដែរ លោកស្រី ឡៃ គឹមហុង ប៊ុន សេង បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ដល់យុទ្ធនារី គ្រប់ស្ថាប័នរបស់កងយោធពលខេមរភូមិន្ទ ដែលបានចូលរួមទាំង៣៥០នាក់ ក្នុងនោះ នារីមកពីគ្រប់អង្គភាពទទួលបាន ថវិកា២ម៉ឺនរៀល និងសារ៉ុង១ បុរសបានចូលរួមបានទទួលបានប៊ិច១ដើម យោធិនសោធន និងពិការនិងមរណ១២នាក់ ម្នាក់ៗទទួលបាន១០ម៉ឺនរៀលផងដែរ៕