(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ​ ស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីតំណាងអយ្យការផងនោះ បានចេញប្រតិបត្តិការតាមបង្ក្រាប ក្រុមចោរកាប់ប្លន់ យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ ជាញឹកញ៉ាប់បានចំនួន៩នាក់ ព្រមទាំងការដកហូតវត្ថុតាងមួយចំនួនផងដែរ។

នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧នេះ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបង្ហាញមុខក្រុមជនសង្ស័យទាំង៩នាក់ មុនបញ្ជូនពួកគេទៅតុលាការដើម្បីចាត់ការបន្តទៀត។ នៅក្នុងការបង្ហាញក្រុមប្លន់ទាំងនេះ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ មានការជាប់ពាក់ព័ន្ធការកាប់ជនរងគ្រោះបណ្តាលឲ្យដាច់កដៃ រហូតធ្លាក់ខ្លួនពិការ កាលពីយប់ទៀបភ្លឺ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅទល់មុខបុរី លឹម ឈាងហាក់ តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ។

លោកបានបន្តទៀតថា ជនសង្ស័យទាំងនេះ ក៏ជាប់ពាក់ព័ន្ធការកាប់ប្លន់យកម៉ូតូ ពីប្រជាពលរដ្ឋផងដែរ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧កន្លងទៅ ស្ថិតនៅមុខកាហ្គាស់សាំងតេឡា សង្កាត់ចោមចៅ។

បន្ទាប់ពីមានករណីប្លន់ជាបន្តបន្ទាប់ខាងលើនេះ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានដាក់បទបញ្ជា ឲ្យកម្លាំងនគរបាលរបស់លោក តាមស្រាវជ្រាវជាបន្ទាន់ ដើម្បីតាមចាប់ពួកគេ។ បន្ទាប់ពីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក នៅប៉ុន្មានថ្ងៃនេះ កម្លាំងនគរបាលក៏ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះ សរុប៩នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនដូចជា ដាវ និងម៉ូតូ ដែលពួកគេធ្វើសកម្មភាព។

យ៉ាងណាក៏ដោយ សម្រាប់បក្ខពួកផ្សេងទៀត បាននិងកំពុងរត់គេចខ្លួន តែកម្លាំងនគរបាលបន្តតាមចាប់ខ្លួនហើយ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបានបង្ហាញថា ជនសង្ស័យទាំង៩នាក់រួមមាន៖ ទី១-ឈ្មោះ ប៊ូ អាសេអូ អាយុ១៨ឆ្នាំ ទី២-ឈ្មោះ វឿន ថេនរ៉ា អាយុ១៨ឆ្នាំ ទី៣-ឈ្មោះ ហុំ សំណាង អាយុ១៨ឆ្នាំ ទី៤-ឈ្មោះ លឹម រ៉ូឌី អាយុ១៨ឆ្នាំ ទី៥-ឈ្មោះ រស់ រឹម អាយុ១៨ឆ្នាំ ទី៦-ឈ្មោះ កុសល កំសាន្ត អាយុ១៩ឆ្នាំ ទី៧-ឈ្មោះ ធា ណុប អាយុ១៨ឆ្នាំ ទី៨-ឈ្មោះ យ៉ាវ យីអាយុ១៩ឆ្នាំ និងទី៩-ឈ្មោះ ឌីប៉ូ លីន អាយុ២១ឆ្នាំ។

ដោយឡែក ជនរងគ្រោះវិញមានឈ្មោះ ពិ សិដ្ឋធារ៉ា អាយុ១៩ឆ្នាំ នៅរៀនសាលាសន្ធរមុខស្នាក់នៅ ក្បែរវត្តគោកបញ្ជាន់ភូមិថ្មគោល សង្កាត់ចោមចៅ មានស្រុកកណើតភូមិវាល ឃុំស្ពឺស្រុក ចំការលើ ខេត្តកំពង់ចាម និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ចេត ទ្រី អាយុ១៧ឆ្នាំ ស្នាក់នៅ ភូមិបឹងកក់ ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕