(កំពង់ស្ពឺ)៖ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានថ្លែងថា សម្រាប់ស្រ្តីជាកង​កម្លាំងប្រដាប់​អាវុធ អង្គភាពរបស់លោក បានដំឡើង និងរៀបចំតួនាទីរបស់ស្រ្តីឲ្យមាននៅក្នុងអង្គភាពដូចបុរសដែរ​ ហើយបានអនុញ្ញាត​ឲ្យពួកគេ​ចូលរួមដោះស្រាយបញ្ហា ឬកិច្ចការផ្សេងៗ បានយ៉ាងដូច្នោះដែរ។

នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧នេះ អាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំខួបទិវាអន្តរជាតិលើកទី១០៦ នៃទិវាសិទ្ធិនារី ០៨មីនា ដោយមានការចូលរួមពីសំណាក់មន្ទីរទាំង៥ និងក្រុង-ស្រុក ស្នាក់ការសន្តិសុខ រួមនាយទាហាន នាយទាហានរង ចំណុះបញ្ជា​ការ​ដ្ឋានទាំងអស់។

នៅក្នុងកម្មវិធីនេះមេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏បានអញ្ជើញស្រ្តីចំនួន០៦រូប ដែលបម្រើការក្នុងអង្គភាព ដើម្បីប្រគល់​អំណោយជូនពួកគេ ក្នុងរូបភាពគោរពស្រឡាញ់ ដោយចាត់ទុកពួកគាត់ជា ម្តាយ ជាបងស្រី ជាប្អូនស្រី និងជាភរិយាដ៏ល្អ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា «ឆ្នាំនេះកម្ពុជា បានប្រារព្ធទិវាអន្តរជាតិ០៨ មីនាក្រោមប្រធានបទ «ស្រ្តីដើម្បី​សុខសន្តិភាព និងវឌ្ឍនភាព» ស្របតាមតាមគោលបំណងជាអន្តរជាតិ នៃការរំលឹកពីការតស៊ូ​របស់នារីទូទាំង​ពិភពលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នា រវាងបុរស និងស្ត្រី ហើយក៏មានស្នាដៃ និងសមិទ្ធផលនានាដូចគ្នាទៅនិងបុរសដែរ»។

លោកថា បច្ចុប្បន្នស្ត្រីមានសិទ្ធិគ្រប់គ្រាន់ មានតួនាទីធំៗ នៅតាមអង្គភាពសំខាន់ៗ គ្រប់អង្គភាពរបស់រាជរដ្ឋាភិបាល ក្នុងនោះ ក្នុងអង្គភាពកងរាជអាវុធហត្ថ ក៏មានស្រ្តីជាច្រើនកំពុងបម្រើការដែរ។

លោកមេបញ្ជាកា បានបន្តទៀតថា អង្គភាពបានបំផុសនូវសកម្មភាពពិតប្រាកដ រវាងបុរស និងស្ត្រី ហើយបានប្តេជ្ញាចិត្ត ដ៏ខ្ពស់ក្នុងការដោះស្រាយ បញ្ហារបស់ស្ត្រី អំពីភាពក្រីក្រ អំពីការអប់រំសុខភាព អំពើហិង្សា នារីក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ច តួនាទីនារី ក្នុងការធ្វើសេចក្តីសំរេចចិត្ត យន្តការលើកកម្ពស់ការរីកចំរើនរបស់នារី សិទ្ធិរបស់នារី នៅក្នុងអង្គភាព៕