(វ៉ាស៊ីនតោន)៖ ប្រទេសអ៊ីរ៉ាក់ត្រូវបានដកចេញពីបទបញ្ជាថ្មី របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការដាក់បំរាមធ្វើដំណើរ ដោយសារតែកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវករ ISIS។ នេះបើតាមការលើកឡើងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។
ការគូសបញ្ជាក់ខាងលើរបស់លោក Mark Toner អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកត្រូវបានធ្វើឡើងបន្ទាប់ពីមានការចោទជាសំណួរអំពីកត្តាដែលបានជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ។ រដ្ឋាភិបាលអ៊ីរ៉ាក់បានខិតខំយ៉ាងខ្លាំងក្លាក្នុងការកម្ចាត់ក្រុម ISIS ដោយបច្ចុប្បន្ននេះកងកម្លាំងអ៊ីរ៉ាក់កំពុងស្ថិតនៅក្នុងដំណាក់កាលទីពីរ នៃការវាយរំដោះយកទីក្រុងម៉ូស៊ូលដែលជាទីក្រុងធំទីពីរនៃប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ ចេញពីកណ្តាប់ដៃក្រុម ISIS។
គួរបញ្ជាក់ថានាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយទៀតស្តីពីជនអន្តោប្រវេសន៍ ដែលរារាំងទៅលើបុគ្គលដែលមកពីប្រទេសមូស្លីមចំនួន០៦ មិនឲ្យឈានជើងជាន់លើទឹកដីអាមេរិកនោះឡើយ ហើយក៏បានវាក៏ផ្អាកកម្មវីធីទទួលជនភៀសខ្លួនរយៈពេល១២០ថ្ងៃផងដែរ។ ប៉ុន្តែបទបញ្ជាថ្មីនេះ មិនដូចបទបញ្ជាលើកទីមួយដែលត្រូវបានចុះហត្ថលេខាកាលពីខែមករា និងត្រូវបានផ្អាកវិញដោយតុលាការកំពូលកាលពីកុម្ភៈកន្លងទៅនោះឡើយ ដោយជនជាតិអ៊ីរ៉ាក់ពុំត្រូវបានចាត់បញ្ចូលទៅក្នុងបំរាមថ្មីនេះ ដែលបានដាក់កម្រិតទៅលើជនជាតិ អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយេម៉ែននោះឡើយ៕