(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ២០១៧នេះ រថយន្តដឹកលើសទម្ងន់ចំនួន ២៤២គ្រឿង ត្រូវបានផាកពិន័យ ចំនួននេះបើធៀបនឹងខែមករា មានការកើនឡើងចំនួន ៩៦គ្រឿង។

របាយការណ៍របស់ក្រសួង បានឲ្យដឹងដែរថា ថវិកាបានពីការផាកពិន័យមានចំនួនជិត ៦០០លានរៀល។ រថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៤តោន រហូតដល់ ៣៥តោន។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានគូសបង្ហាញថា ការដឹកលើសទម្ងន់នេះបានធ្វើឲ្យខូចផ្លូវយ៉ាងធ្ងន់ធ្ងរ និងតែងបានអំពាវនាវ ដល់ម្ចាស់រថយន្តដឹកជញ្ជូនទាំងអស់មេត្តា កុំដឹកលើសទម្ងន់។

បើទោះបីជាមានការអំពាវនាវ ជាមួយការដាក់វិធានការក្តៅក្នុងការកម្ចាត់រថយន្តដឹកលើសទម្ងន់នេះយ៉ាងណាក្តី តែពីមួយខែទៅមួយខែ ចំនួនរថយន្តដឹកលើសទម្ងន់នៅតែមានចំនួនច្រើនដដែល៕