(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ខ្លួននឹងរៀបចំការបិទផ្សាយបញ្ជីបេក្ខជន ដែលឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និង បើកឲ្យមានការប្តឹងជំនាស់បញ្ជីបេក្ខជននេះ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ខាងមុខ។
ជាមួយគ្នានេះ គ.ជ.ប ក៏មានរៀបចំធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធការបិទផ្សាយបញ្ជីបេក្ខជន និងការបើកឲ្យប្តឹងជំទាស់នឹងបញ្ជីបេក្ខជនផងដែរ នៅសាលសន្និសីទ គ.ជ.ប ក្រោមអធិបតីភាព លោក មាន សទិ សមាជិក គ.ជ.ប។
សូមជម្រាបថា ការចុះបញ្ជីឈ្មោះបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ត្រូវបានបញ្ចប់នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ដោយមានគណបក្សនយោបាយចំនួន១២ បានចុះឈ្មោះបេក្ខជនរបស់ខ្លួន ចូលរួមប្រកួតប្រជែង។
គណបក្សដែលសុំចុះបញ្ជីបេក្ខជនមានចំនួន ១២គណបក្ស រួមមាន៖
១៖ គណបក្សប្រជាជនកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន១,៦៤៦
២៖ គណបក្សសង្គ្រោះជាតិ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន១,៦៤៦
៣៖ គណបក្សហ៊្វុស៊ិនប៉ិច សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន៨០៤
៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន៧៨៧
៥៖ គណបក្សខ្មែររួបរួមជាតិ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន៦២២
៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន២២៣
៧៖ គណបក្សសញ្ជាតិកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន៥៣
៨៖ គណបក្សអំណាចខ្មែរ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន២៨
៩៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន២៧
១០៖ គណបក្សយុវជនកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន១៩
១១៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន១៨
១២៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន១៦៕