(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាគ្មានគោលនយោបាយរើសអើងក្រុមហ៊ុនវិនិយោគនោះឡើយ ហើយទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក មានឱកាសវិនិយោគដោយស្មើភាពគ្នា ខណៈដៃគូវិនិយោគមកពីក្រៅប្រទេសអនុញ្ញាត ឲ្យមានការវិនិយោគ១០០ភាគរយ។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះក្នុងពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររោងចក្ររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ។
សម្តតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ដូច្នេះ «សង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តការវិនិយោគនៅទីនេះបន្តទៀត ហើយអ្វីដែលជាគោលនយោបាយ របស់រាជរដ្ឋាភិបាលយើងមិនបានធ្វើការរើសអើងណាមួយអំពីសហគ្រាសមកពីក្រៅស្រុក និងសហគ្រាសនៅក្នុងស្រុកទេ។ លើការជាក់ស្តែងសព្វថ្ងៃនេះ កំពុងមានអ្នកវិនិយោគនៅក្នុងស្រុក និងអ្នកវិនិយោគនៅក្រៅស្រុក ក៏ប៉ុន្តែពិពិធកម្មស្មើភាពគ្នាទាំងអស់ នេះជាចំណុចពិសេសដែលយើងខ្ញុំអនុវត្តន៍ទូទៅដោយគ្មានការរើសអើង។ បន្ថែមលើនោះ ដៃគូមកពីក្រៅប្រទេសអនុញ្ញាតឲ្យមានការវិនិយោគ១០០ភាគរយ»។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំហំវិនិយោគនៅកម្ពុជា ពីក្រុមហ៊ុនក្រៅប្រទេស បានកើតឡើងជាបន្តបន្ទាប់។យោងតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា បានឲ្យដឹងថា ទុនវិនិយោគពីបរទេសមកកាន់កម្ពុជាក្នុងឆ្នាំ២០១៦កន្លងទៅនេះ មានចំនួន ២,១៥៥លានដុល្លារ។ ក្នុងចិនហុងកុង និងចិនដីគោក បានវិនិយោគនៅកម្ពុជាសរុប ៧៤៨លានដុល្លារ ខណៈប្រទេសវៀតណាម ស្ថិតបន្ទាប់ពីចិនមាន ១៩២លានដុល្លារ៕