(ម៉ាឡេស៊ី)៖ ទំនាក់ទំនងរវាងប្រទេស ម៉ាឡេស៊ី និងកូរ៉េខាងជើង ដែលធ្លាប់តែមានភាពរលូននាពេលកន្លងមក បានឈានដល់ដំណាក់កាល យ៉ាប់យឺនជាខ្លាំង នៅដើមឆ្នាំ២០១៧នេះ បន្ទាប់ពីមរណៈភាពរបស់លោក គីម ជុងណាំ នៅអាកាសយាន្តដ្ឋានអន្តរជាតិម៉ាឡេស៊ី រួមផ្សំជាមួយបញ្ហាផ្សេងៗដែលបានកើតឡើងជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងពេលថ្មីៗនេះ ប្រទេស ម៉ាឡេស៊ី បានសម្រេចក្នុងការបណ្តេញ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ចេញពីដែនដីរបស់ខ្លួនជាបន្ទាន់ ឆ្លើយតបនឹងទង្វើដ៏រឹងមានះរបស់ប្រទេស កុម្មុយនីសមួយនេះ។
* ប្រវត្តិទំនាក់ទំនង៖
ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានចាប់ផ្តើមឡើងតាំងពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៧៣។ នេះជាផ្នែកមួយនៃយុទ្ធនាការរបស់ប្រទេស កូរ៉េខាងជើង ដើម្បីបង្កើនទំនាក់ទំនងល្ងជាមួយប្រទេសកំពុងអភិវឌ្ឍន៍។ ស្ថានទូតកូរ៉េខាងជើង បានបើកទ្វារដំណើរការក្នុងទីក្រុង កូឡាឡាំពួរ នៅក្នុងឆ្នាំ២០០៣ ដំណាលគ្នានឹងស្ថានទូតប្រទេស ម៉ាឡេស៊ី ដែលបើកដំណើរការក្នុងទីក្រុង ព្យុងយ៉ាងផងដែរ។
ទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីរ បានរីកចម្រើនប្រកបដោយផ្លែផ្កាគួរជាទីកត់សម្គាល់។ ជាក់ស្តែងក្នុងឆ្នាំ២០០៩ ប្រទេសម៉ាឡេស៊ី បានក្លាយជាប្រទេសទីមួយ ដែលអាចធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដោយមិនតម្រូវឱ្យមានទិដ្ឋការ។ មិនតែប៉ុណ្ណោះក្នុងឆ្នាំ២០១៣ មេដឹកនាំកំពូលរបស់ប្រទេស កូរ៉េខាងជើង លោក គីម ជុងអ៊ុន ទទួលបានងារកិត្តិយសពីសកលវិទ្យាល័យ HELP នៃប្រទេស ម៉ាឡេស៊ី ថែមទៀតផង។
* ទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌៖
ប្រទេសកូរ៉េខាងជើង ធ្លាប់នាំចូលប្រេងឆៅ កៅស៊ូ និងដូងប្រេង ពីប្រទេស ម៉ាឡេស៊ី។ ចំណែកម៉ាឡេស៊ី នាំចូលផលិតផលដែក និងដែកថែបពីប្រទេស កូរ៉េខាងជើង។ ក្នុងឆ្នាំ២០១៧ មានពលរដ្ឋកូរ៉េខាងជើង ៣០០នាក់ កំពុងធ្វើការក្នុងរោងចក្រឧស្សាហកម្មជីករ៉ែធ្យូងថ្មក្នុងរដ្ឋ Sarawak ក្នុងប្រទេស ម៉ាឡេស៊ី។
ក្នុងឆ្នាំ២០១១ ភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama បានធ្វើសេចក្តីរាយការណ៍ថា ប្រទេសទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សារព័ត៌មានផងដែរ។ ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលក្រុង ព្យុងយ៉ាង និងកូឡាឡាំពួរ បានចុះអនុសារណៈយោគយល់គ្នា ក្នុងការផ្លាស់ប្តូរវិស័យវប្បធម៌។ ប្រទេស កូរ៉េខាងជើង បានធ្វើការរួមគ្នាជាមួយប្រទេស ម៉ាឡេស៊ី លើវិស័យទេសចរណ៍ ដើម្បីជម្រុញការធ្វើដំណើរកំសាន្តទៅកាន់ដែនដីរបស់ខ្លួន។
ចាប់តាំងពីឆ្នាំ២០០១មក ជនជាតិម៉ាឡេស៊ីប្រមាណ១០០០នាក់ បានធ្វើទស្សនកិច្ចកំសាន្តក្នុងប្រទេសដ៏អាថ៌កំបាំងមួយនេះ។ ក្នុងឆ្នាំ២០១១ ប្រទេស កូរ៉េខាងជើង បានបើកផ្លូវហោះហើរដោយផ្ទាល់ទៅកាន់ប្រទេស ម៉ាឡេស៊ី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀតពីប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន។
ប៉ុន្តែនៅដើមខែមករា ឆ្នាំ២០១៧ ក្រោមសម្ពាធពីសហរដ្ឋអាមេរិក រដ្ឋាភិបាលម៉ាឡេស៊ី បានចេញសេចក្តីសម្រេចក្នុងការបញ្ឈប់ក្រុមហ៊ុនអាកាសចរណ៍ រដ្ឋ របស់ប្រទេស កូរ៉េខាងជើង មិនឱ្យចូលទៅកាន់ដែនដីម៉ាឡេស៊ី បន្ទាប់ពីការដាក់ចេញនូវការដាក់ទណ្ឌកម្មពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ។
* ឥទិ្ធពលនៃមរណៈភាពលោក គីម ជុងណាំក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៖
ភ្លាមៗបន្ទាប់ពីមរណភាពរបស់លោក គីម ជុងណាំ ដែលជាបងប្អូនរួមឪពុករបស់លោក គីម ជុងអ៊ុន ក្នុងប្រទេស ម៉ាឡេស៊ី ដែលគេសង្ស័យថា ប្រទេស កូរ៉េខាងជើងនៅពីក្រោយឃាតកម្មនេះ អាជ្ញាធរម៉ាឡេស៊ី បានចាប់ផ្តើមដំណើរការនៃវះកាត់សាកសព ដើម្បីជាការសងសឹកចំពោះការប្រឆាំងពី សំណាក់ប្រទេសកូរ៉េខាងជើង ដែលចាប់ផ្តើមបង្កភាពល្អក់កករក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ប្រទេសកូរ៉េខាងជើង ភ្លាមៗនោះ បានបង្ហាញការប្រតិកម្មថា នឹងបដិសេធរាល់លទ្ធផលនៃការស្រាវជ្រាវ ព្រមទាំងប្រកាសថា ការវះកាត់ជាទង្វើខុស ច្បាប់ដោយបានវះកាត់សាកសពប្រជាពលរដ្ឋរបស់ខ្លួន ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលក្រុង ព្យុងយ៉ាង។ មិនតែប៉ុណ្ណោះ ប្រទេសផ្តាច់ការមួយនេះ ថែមទាំងបានព្រមានថា នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ព្រមទាំងចោទប្រកាន់ប្រទេស ម៉ាឡេស៊ី ថាបានឃុបឃិត ជាមួយសត្រូវរបស់ខ្លួនផងដែរ។
យ៉ាងនេះក្តីរដ្ឋាភិបាលម៉ាឡេស៊ី មិនបានយកចិត្តទុកដាក់ចំពោះការគំរាមទាំងនេះឡើយ។ ផ្ទុយទៅវិញខ្លួនបានទាមទារឱ្យកូរ៉េខាងជើង គោរពតាមច្បាប់ របស់ប្រទេស ដោយសារហេតុការណ៍នេះបានកើតឡើងលើទឹកដីរបស់ ម៉ាឡេស៊ី ហេតុនេះវាជាច្បាប់ដូចគ្នា ដែលតម្រូវឱ្យធ្វើបែបនេះ។ ប្រទេសម៉ាឡេស៊ី បានសង្កត់ធ្ងន់ថា ខ្លួនត្រូវការស្វែងរកការពិតឱ្យឃើញនូវមូលហេតុនៃការស្លាប់នេះ។
បន្ទាប់ពីការចោទប្រកាន់ទៅលើ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kang Chol លោកត្រូវបានក្រសួងការបរទេសម៉ាឡេស៊ី កោះហៅនៅថ្ងៃទី២០ ខែកុម្ភៈ ខណៈដែលអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំប្រទេស កូរ៉េខាងជើង ក៏ត្រូវបានកោះហៅឱ្យត្រឡប់មកកាន់ប្រទេសកំណើតរបស់ខ្លួនវិញផងដែរ។
បន្ទាប់ពីការរកឃើញថា ការស្លាប់របស់លោក គីម កើតឡើងដោយសារភ្នាក់ងារបំផ្លាញប្រព័ន្ធប្រសាទ VX ដែលត្រូវបានគេចាត់ទុកថា ជាអាវុធ ប្រល័យលោកនោះ រដ្ឋាភិបាល ម៉ាឡេស៊ី បានព្រមានថា នឹងធ្វើបណ្តេញទូតកូរ៉េខាងជើង ប្រចាំទីក្រុង កូឡាឡាំពួរ ចេញពីប្រទេសម៉ាឡេស៊ី។ ភ្លាមៗនោះ រដ្ឋាភិបាលកូរ៉េខាងជើង បានប្រញ៉ាប់ប្រញ៉ាល់ក្នុងការបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេស ម៉ាឡេស៊ី ដើម្បីធ្វើកិច្ចពិភាក្សាពីបញ្ហានេះ ព្រមទាំងកែខៃទំនាក់ទំនងនេះឡើងវិញ។
ជាអកុសល រដ្ឋាភិបាលកូឡាឡាំពួរបានប្រកាសថា ចាប់ពីថ្ងៃតី០៦ ខែមីនានេះតទៅ ខ្លួននឹងលុបចោលនូវកិច្ចព្រមព្រៀងការអនុញ្ញាតឱ្យធ្វើដំណើរទៅ ដែនដីម៉ាឡេស៊ី ដោយគ្មានទិដ្ឋាការ ដោយបង្ហាញនូវក្តីបារម្ភពីបញ្ហាសុវត្ថិភាព បន្ទាប់ពីមានហេតុការណ៍ឃាតកម្មនេះកើតឡើង។
មិនតែប៉ុណ្ណោះ នៅថ្ងៃទី០៤ ខែមីនា អតីតសម្ព័ន្ធមិត្តរបស់ប្រទេស កូរ៉េខាងជើងមួយនេះ បានប្រកាសថា លោក Kang Chol ដែលជាអគ្គរដ្ឋទូត កូរ៉េខាងជើងប្រចាំប្រទេស ម៉ាឡេស៊ី ត្រូវបានចាត់ជាបុគ្គលដែលមិនត្រូវគេស្វាគមន៍តទៅទៀតឡើយ ហើយត្រូវបណ្តេញចេញក្នុងរយៈពេល៤៨ម៉ោង៕
បកប្រែនិងសម្រួលដោយ៖ អ៉ឹត ចណ្ណា