(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៦ នៅសាលមហោ ស្រពកោះពេជ្រ។

សូមបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨ មីនា គឺជាទិវាមួយដែលត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអបអរសាទរដល់ភាពអង់អាចរបស់នារី នៅជុំវិញពិភពលោក បានក្រោកឈរឡើងទាមទារនូវសិទ្ធិសេរីភាពរបស់ពួកគេ គេចចេញពីការជិះជាន់របស់បុរស។ អង្គការសហប្រជាជាតិ និងប្រទេសជាច្រើនទៀត បានកំណត់ទិវានេះថា ជាថ្ងៃបុណ្យជាតិ។

សម្រាប់ប្រទេសកម្ពុជា ដែលជាម្ចាស់ហត្ថលេខីនៃសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនោះ ក៏តែងបានប្រារព្ធទិវាមួយនេះជារៀងរាល់ឆ្នាំផងដែរ។ នៅឆ្នាំ២០១៧ កម្ពុជា បានសម្រេចជ្រើសរើសប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា។

មុនការឈានមកដល់នៃថ្ងៃសិទ្ធិជាសកលរបស់នារីនេះ នៅតាមបណ្តាក្រសួងស្ថាប័នរដ្ឋ និងឯកជនជាច្រើនរបស់កម្ពុជា បានរួមគ្នាប្រារព្ធពិធីអបអរសាទរនូវទិវាមួយនេះ។ តាមរយៈប្រធានបទដែលបានដាក់ចេញ គឺបានរំលេចឲ្យឃើញថា ស្រ្តីកម្ពុជា បានដើរតួនាទីសំខាន់ ក្នុងការស្វែងរកនូវសុខសន្តិភាពសម្រាប់កម្ពុជា និងនាំមកនូវភាពរីកចម្រើនសម្រាប់ប្រទេស ដែលធ្លាប់គ្របដណ្តប់ដោយភ្លើងសង្រ្គាមមួយនេះ៕