(កំពង់ស្ពឺ)៖ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ដែលជាវិទ្យាស្ថានស្ថិតនៅលើដីជនបទក្នុងខេត្តកំពង់ស្ពឺ បានបើកទ្វារផ្តល់ការអប់រំជាផ្លូវការហើយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ជាមួយការរំពឹងលើកកម្ពស់ការអប់រំដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាបណ្តាខេត្តដទៃទៀតបានកាន់តែល្អប្រសើរ។

ពិធីបើកសម្ពោធដាក់ឲ្យដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកអគ្គរដ្ឋទូតជប៉ុនលោក Hidehisa Horinouchi លោក យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង លោក សូរខន រិទ្ធិគុណ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។

វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ស្ថិតនៅលើឧទ្យានជាតិព្រៈសុរាម្រិតកុសមៈ គីរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើទោះបីទើបធ្វើពិធីបើក សម្ពោធដំណើរការជាផ្លូវការនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ តែវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ក៏កំពុងផ្តល់ការសិក្សាដល់សិស្សជាច្រើននាក់ ដែលភាគច្រើនជាកូនចៅប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ និងមកពីបណ្តាខេត្តផ្សេងៗមួយចំនួនទៀត។

លោកបណ្ឌិត ហេង វុទ្ធី នាយករងវិទ្យាស្ថាន បច្ចេកវិទ្យាគីរីរម្យបានឲ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថានមានសិស្សអាហារូបបករណ៍សរុប ៧៨នាក់ ស្រី ១៣នាក់ ហើយវិទ្យាស្ថានបានផ្តល់អាហារ កន្លែងស្នាក់នៅ រួមទាំងមធ្យោបាយធ្វើដំណើរដល់សិស្សផងដែរ។

លោកបណ្ឌិតបន្តថា ក្រុមហ៊ុន A2A Town (cambodia) Co.L.t.d បានទទួលដីសម្បទានសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍន៍ និង សាងសង់អគារសិក្សាចំនួន ០៦អគារ មាន ១២បន្ទប់ អាចទទួលសិស្សឲ្យចូលរៀនចំនួន ២៥០នាក់។ ដោយឡែកកម្មវិធីសិក្សាវិញរួមមាន៖ វិស្វករកុំព្យូទរ័, វិភាគប្រពន្ធ័កុំព្យូទ័រ, បង្កើតប្រពន្ធ័កុំព្យូទ័រ, គណនេយ្យ និងគ្រប់គ្រង រួមទាំងបង្រៀនភាសារអង់គ្លេស និងជប៉ុនផងដែរ។

លោក សុខ ភា អភិបាករងខេត្តកំពង់ស្ពឺ បានថ្លែងថា ការបោៈទន់វិនិយោគបង្កើតវិទ្យាស្ថានគីរីរម្យនេៈ បានធ្វើឲ្យខេត្តកំពង់ស្ពឺទទួលបានមុខមាត់ថ្មី បន្ទាប់ពីបណ្តាល័យរបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងបានធ្វើឲ្យតំបន់ទេសចរណ៍មួយនេៈមានកំណើនសេដ្ឋកិច្ច និងប្រែក្លាយតំបន់ទេសចរណ៍ធម្មជាតិកាន់តែទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកកំសាន្តថែមទៀត។

លោក យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡាបានលើកឡើងថា វិទ្យាស្ថានគីរីរម្យ ពិតជាបានបម្រើឲ្យវិស័យអប់រំ ធ្វើឲ្យសិស្សទទួលចំណេះដឹង វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបានដើរតួរយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេស ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សខាងផ្នែកបច្ចេកវិទ្យា។

លោករដ្ឋលេខាធិការ បានបន្តថា វត្តមានវិទ្យាស្ថាន គឺជាការឆ្លើយតបទៅនឹងតម្រូវការនៃការកសាងធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លោករដ្ឋលេខាធិការថា ការកសាងធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុត ដើម្បីកសាងកម្ពុជា ឲ្យមានភាពរីកចម្រើន មានចំណេៈដឹងជាមូលដ្ឋាន គឺត្រូវមានសាលារៀន មានសកលវិទ្យាល័យ ជាពិសេសសាលាបណ្តុះបណ្តាលបច្ចេកវិទ្យាដូចជា វិទ្យាស្ថានគីរីរម្យ៕