(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ បានប្រារព្ធពិធីអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៧ ក្នុងខួបលើកទី១០៦ ស្ថិតក្នុងសាលប្រជុំ នៃសាលាខណ្ឌ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ។

ពិធីនេះ ក៏មានការចូលរួមពីលោកស្រី ឡោក ខេង អ្នកតំណាងរាស្ត្រភ្នំពេញ និងជាប្រធានការងារចុះជួយមូលដ្ឋានខណ្ឌច្បារអំពៅ លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ រួមនិងលោក លោកស្រីជាមន្ត្រីរាជការ ការយាល័យជំនាញជុំវិញខណ្ឌ និងនគរបាល បុគ្គលិក ពេទ្យជាង៨០នាក់ផងដែរ ។

ការប្រារព្ឋពិធី ដើម្បីអបអរសាទរ ខួបលើកទី១០៦ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ​ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»​ នេះដែរ លោកស្រី ឡោក ខេង អ្នកតំណាងរាស្ត្រីភ្នំពេញ បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន ដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១-ទី២-និងទី៣ ដោយផ្នែកមួយផ្ដោតទៅលើគោលនយោបាយសមភាព «យែនឌ័រ» ដែលចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងដំណើរឆ្ពោះទៅមុខ និងលើកកម្ពស់ស្ថានភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្ត្រីនៅកម្ពុជា ដើម្បីសមភាពពិតប្រាកដរវាងបុរស និងស្ត្រីក៍ដូចជាសុខមាលភាពសង្គម កាត់បន្ថយអំពើហិង្សា ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វិស័យ គ្រប់ទីកន្លែង ពិសេសស្ត្រី ជាភ្នាក់ងារនាំមកនូវការផ្លាស់ប្ដូរឥរិយាបទក្នុងគ្រួសារតាមរយៈ ការអប់រំទូន្មានកូន ចៅឲ្យបានល្អ មិនប្រប្រត្តអំពើឧបាយមុខ និងការប្រើហិង្សា គ្រប់រូបភាព។

បន្ថែមពីនេះ អំពើហិង្សា គឺជាឧបសគ្គនៃវឌ្ឍនភាព សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ហើយធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត អារម្មណ៍ និងរាងកាយរបស់បុគ្គល ជាពិសេសអំពើហិង្សា គឺជាការរំលោភសិទ្ធិមនុស្ស ដែលមានផលប៉ះពាល់អវិជ្ជមានខ្លាំងទៅលើស្ត្រី និងកុមារ។ ម្យាងទៀតការលំហូរចូលនូវវប្បធម៌បរទេស បច្ចេកវិជ្ជាព័ត៌មាន បាន នាំមកនូវរូបភាពផ្សេងៗ នៃអំពើហិង្សា ការជួញដូរមនុស្ស ការរំលោភសេពសន្ថវៈ និងប្រើប្រាស់គ្រឿងញៀន ដែលអ្នករងគ្រោះភាគច្រើនជាស្ត្រី និងកុមារ។

លោកស្រី ឯក យ៉ានី អភិបាលរងខណ្ឌច្បារអំពៅ បានលើកឡើងទៀតថា ថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចលុបចោលការយកតម្លៃសេវាមួយចំនួន ទាក់ទងនិងសេវារដ្ឋបាលសាធារណៈ (អាត្រានូកូលដ្ឋាន) គឺផ្ដល់ជូនដោយឥតគិតថ្លៃនូវសេវាចុះបញ្ជី និងបណ្ដាញសង្គមទំនើបជាដើម ហើយបញ្ហាដែលនៅសេសសល់ តម្រូវឲ្យអង្គភាព ពាក់ព័ន្ធទាំងអស់ និងដៃគូរអភិវឌ្ឍន៍រួមគ្នាអនុវត្តបន្តទៀត ឲ្យកាន់តែមានភាពប្រសើរឡើង ព្រមទាំងបន្តការគាំទ្រ និងប្រែក្លាយខ្លឹមសារនៃប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»​ ដើម្បីឲ្យក្លាយទៅជាសកម្មភាពជាក់ស្ដែង ឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនោះ លោកស្រី ឯក យ៉ានី តំណាងលោកអភិបាលខណ្ឌ អ៊ាង ស៊ីផាន បានប្រគល់វត្ថុអនុស្សារីយ៍ជាទ្រនាប់ដៃ ដល់នារី ចំនួន១៧៤នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រណាត់ប៉ាក់១អាវសិង្ហ ២សំពត់ និងថវិកា៤ម៉ឺនរៀល៕