(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ខណ្ឌសែនសុខ បានប្រារព្ធខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្រោមអធិបតីភាព អភិបាលនៃគណៈអភិបាលខណ្ឌសែន សុខ លោក ប៉ឹល កុសល លោកស្រី យក់ សម្បតិ្ដ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ក្រសួងសុខាភិបាល តំណាងឲ្យលោករដ្ឋមន្ដ្រីម៉ម ប៊ុនហេង និងអ្នកចូលរួមជាច្រើននាក់ផ្សេងទៀត។
លោក ប៊ុល កុសល បានថ្លែងថា ការប្រារព្ធខួបលើកទី១០៦ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្នុងគោលបំណងរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាន និងកំពុងថែរក្សា និងជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមចំណែកដំណើរការនៃបេសកម្មថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្សបន្តឆ្ពោះទៅមុខ និងចង់បង្ហាញឲ្យយើងទាំងអស់គ្នា បានដឹងពីសមភាពពិតប្រាកដរវាងបុរស និងស្ដ្រី និងទទួលស្គាល់ថា ស្ដ្រីជាភ្នាក់ងារដ៏សំខាន់ ដែលមានតួនាទីអាចធ្វើឲ្យសង្គមមានការផ្លាស់ប្ដូរ និងមានសន្ដិភាព។
លោកបន្ដថា «ពិតណាស់ ស្រ្ដីបានដើរតួនាទីយ៉ាងសំខាន់ ទាំងក្នុងគ្រួសារ សង្គម និងប្រទេសជាតិ ដូចនេះ យើងត្រូវរួមគ្នា ក្នុងការបញ្ឈប់អំពើហិង្សាលើស្ដ្រី ត្រូវពង្រឹងភាពអង់អាចរបស់ស្ដ្រី ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ជាក់ស្ដែងបច្ចុប្បន្ននេះ ស្ដ្រីបំពេញការងារក្នុងសង្គមបានយកល្អ ទាំងក្នុងបណ្ដាក្រុមហ៊ុន សហគ្រាសតូច ធំ ស្ថាប័នរដ្ឋ និងឯកជន ដែលសុទ្ធសឹងតែដឹកនាំដោយស្ដ្រី ហើយសម្រាប់ការសិក្សាក៏ដូចគ្នា ឃើញថា ស្រ្ដីជាង៥០% ត្រូវបានសិក្សាខ្ពង់ខ្ពស់ គួរឲ្យកក់សម្គាល់។ ដូច្នេះ យើងត្រូវតែលើកស្ទួយ ឲ្យស្ដ្រីចូលរួមក្នុងសង្គមកាន់តែច្រើន ទន្ទឹមនឹងនោះ ស្ដ្រីខ្លួនឯង ក៏ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដែរ»។
ព្រមជាមួយគ្នានោះលោកស្រី យក់ សម្បតិ្ដ បានថ្លែងផងដែរថា «ការប្រារព្ធពិធីអបអរសាទរទិវានារីអន្ដរជាតិ ថ្ងៃ៨មីនា នាឆ្នាំនេះ ធ្វើឡើងដើម្បីរំលឹកពីការតស៊ូ របស់នារី ដែលជាពលករ ទូទាំងសកលលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្ដសិទ្ធិស្មើគ្នា រវាងបរុស និងស្ដ្រី ម្យ៉ាងវិញទៀតក៏ជាការបញ្ជាក់ ពីការចូលរួមរបស់ស្រី្ដ ដែលមិនអាចខ្វះបាន នៅក្នុងសង្គម ពិសេស ការអនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោក តែងតែលើកតម្កើង និងយកចិត្ដទុកដាក់ដល់ស្រ្ដីយើង»។
លោកស្រីបន្ថែមថា ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» នេះ ក្នុងគោលបំណងចម្បងចំនួន៤ ផងដែរ រួមមាន៖ មានសុខសន្ដិភាព និងមោទនភាព រក្សាសន្ដិភាព ដើម្បីភាពរីកចម្រើនរបស់ស្ដ្រី និងក្រុមគ្រួសារ, វប្បធម៌អហិង្សា នាំមកនូវសុវត្ថិភាពសម្រាប់ស្ដ្រី, រួមគ្នាកសាងសង្គម មិនមានអំពើហិង្សាលើស្ដ្រី និងពង្រឹងភាពអង់អាចរបស់ស្ដ្រី ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព៕