(កំពងចាម)៖ កម្មវិធីផ្លាស់ប្តូរភាពជាអ្នកដឹកនាំ បទពិសោធន៍ និងចំណេះដឹងរបស់និស្សិត ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ត្រូវបានបិទបញ្ចប់ជាផ្លូវការនៅព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងនិស្សិតប្រមាណជាង១,០០០នាក់ មកពីគ្រប់សាកលវិទ្យាល័យ និងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងខេត្តកំពង់ចាម។
កម្មវិធីនេះ មានគោលបំណងសំខាន់ចំនួន៣គឺ ទី៖ បញ្ជ្រាប និងផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គមថ្មីដល់និស្សិត, ទី២៖ ផ្សាភ្ជាប់ការទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងថ្នាក់ដឹកនាំខេត្ត និងយុវជន យុវជន និងយុវជន និងទី៣៖ លើកទឹកចិត្តដល់និស្សិតឲ្យចូលរួមចំណែកកាន់តែខ្លាំង ក្នុងការអភិវឌ្ឍសង្គម។
លោក លន់ លឹមថៃ បានសង្កត់ធ្ងន់ថា សារៈប្រយោជន៍នៃកម្មវិធីយុវជននេះ បានអនុញ្ញាតឲ្យនិស្សិតយល់កាន់តែច្បាស់អំពីគោលនយោបាយកំណែទម្រង់ រដ្ឋបាលសាធារណៈកម្ពុជានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យជាអាទិភាពមួយចំនួននៅក្នុងប្រទេសកម្ពុជា ដូចជាវិស័យកសិកម្ម សុខាភិបាល អប់រំ ច្បាប់ចរាចរផ្លូវគោគ និងការអភិវឌ្ឍក្រុងកំពង់ចាម ដែលប្រធានបទទាំងនេះ បង្ហាញដោយប្រធានមន្ទីរ និងតំណាងមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធ។
លើសពីនេះទៀត លោកអភិបាលខេត្ត បានលើកទឹកចិត្តឲ្យនិស្សិតទទួលបានឱកាស នៃការធ្វើកម្មសិក្សាលើប្រធានបទណាមួយនៅតាមមន្ទីរ អង្គភាពនានាតាមការជាក់ស្តែង។
បន្ថែមពីនេះ លោកបានផ្សព្វផ្សាយបន្ថែមអំពី ការអភិវឌ្ឍថ្មីៗក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបានដាស់តឿនអំពីការរួមគ្នាអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល ដូចជាគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងការជួញដូរស្ត្រី និងកុមារ ការការពារបរិស្ថាន។ល។
ជាចុងក្រោយ លោកអភិបាលខេត្ត អំពាវនាវដល់យុវជនទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ៕