(កំពង់ចាម)៖ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃកម្ពុជា បានខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគបរទេសឲ្យមកវិនិយោគរោងចក្រនៅក្នុងប្រទេសកម្ពុជា ជាហេតុធ្វើឲ្យបងប្អូនមានការងារធ្វើ ហើយមានកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ និងសង្គមជាតិ។

ថ្លៃបែបនេះ ត្រូវធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងឱកាស ប្រារព្ធពិធីអបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិលើក​ទី១០៦ នៅរោងចក្រប្រាយ៍ស៊ូ ស្រុកជើងព្រៃ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»។ ក្នុងនោះមានការចូលរួមពី លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរកិច្ចការនារីខេត្ត និងនិយោជក នយោជិកចំនួន១,០៤៥នាក់។

លោកអភិបាលខេត្ត ក៏បានលើកឡើងដែរថា សូមកុំឲ្យចាញ់បោក និងជឿពាក្យញុះញង់របស់ជនអគតិ ដែលចង់ធ្វើឲ្យបងប្អូន​នយោជកឈ្លោះគ្នា បែកបាក់សាមគ្គី បង្កើតជាកំហឹង។

លោកក៏បានអំពាវនាវដល់នយោជក ឲ្យទាក់ទងផ្ទាល់ជាអាជ្ញាធរស្រុក នៅពេលមានភាពមិនប្រក្រតីណា​មួយកើតឡើងពាក់​ព័ន្ធនឹងការងារក្នុងរោងចក្រ។

លើសពីនេះ លោក លន់ លឹមថៃ បានលើកអំពីការធ្វើចំណាកស្រុកដោយខុសច្បាប់ និងប្រថុយប្រថាន ដែលនេះជាទង្វើមិនល្អ ហើយបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋធ្វើចំណាកស្រុកដោយស្របច្បាប់៕