(ភ្នំពេញ)៖ ដោយបានទទួលការអនុញាតពីរាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យបានទិសដៅ «វិស័យទេសចរណ៍កម្ពុជា ត្រូវការកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈ ប្រមាណ១លាននាក់ នៅឆ្នាំ២០២០» ក្រសួងទេសចរណ៍ បានចុះអនុស្សរណៈ (MoU) ជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា រ៉ាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី នៃប្រទេសថៃ ដើម្បីបង្កើតវិទ្យាស្ថានមួយនៅកម្ពុជា ផ្តោតលើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច។
អនុស្សរណៈនេះ ប្រព្រឹត្តទៅក្រោមអធិបតី លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកបណ្ឌិតសាស្រ្តចារ្យ Prasert Pinprathomrat នាយកសាកលវិទ្យាល័យ រ៉ាចាម៉ាន់ហ្កាឡា នាទីស្ដីការក្រសួងទេសចរណ៍ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ។
MoU នេះ គឺសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូលើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ពិសេសលើការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីធានាឱ្យមានការអភិវឌ្ឍទេសចរណ៍ ប្រកបដោយគុណភាព និងនិរន្តរភាព ព្រមទាំងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចូលរួមដល់ការបង្កើនភាពពេញចិត្ត និងភាពស្មោះស្ម័គ្ររបស់ភ្ញៀវទេសចរ មកលើសេវាកម្ម និងផលិតផលទេសចរណ៍នៅកម្ពុជា។
លោកសាស្រ្តចារ្យ Prasert បានបញ្ជាក់ថា នៅពេលបើកឲ្យដំណើរការនៅកម្ពុជា ជាផ្លូវការ វិទ្យាស្ថានរបស់លោក នឹងផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន១០នាក់ ក្នុងមួយឆ្នាំ តែបើនិស្សិតកម្ពុជា ទៅសិក្សានៅសាកលវិទ្យាល័យ រ៉ាចាម៉ាន់ហ្កាឡា ក្នុងប្រទេសថៃផ្ទាល់ សាកលវិទ្យាល័យនឹងផ្ដល់អាហារូបករណ៍ ចំនួន២នាក់ កំរិតឧត្តមសិក្សាក្នុងមួយឆ្នាំផងដែរ។
រដ្ឋមន្រ្តី ថោង ខុន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវចក្ខុវិស័យ «បុគ្គលិកម្នាក់ ជំនាញមួយ» ដែលជាកត្តាកំណត់ក្នុងការគ្រប់គ្រង និងការអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព និងជាការចូលរួមអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមក នៃអ្នកជំនាញទេសចរណ៍ (MRA) ក្រសួងទេសចរណ៍ បាននិងកំពុងបន្តបង្កើនភាពជាដៃគូកិច្ចសហប្រតិបត្តិការណ៍ លើការវិនិយោគសម្បទាទេសចរណ៍ ផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ សំដៅធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរ មានភាពកក់ក្តៅ និងភាពពេញចិត្ត។
ប្រមុខក្រសួងទេសចរណ៍ បានបន្តថា ការបង្កើតសាលាបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍នេះ គឺជាយន្តការមួយដ៏សំខាន់ ក្នុងការផ្សាភ្ជាប់ការផ្តត់ផ្គង់ផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព និងសក្តានុពល ទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ពោលគឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមួយ យ៉ាងពិតប្រាកដ និងចាំបាច់បំផុតពុំអាចខ្វះបានក្នុងការស្វាគមន៍ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
កិច្ចព្រមព្រៀងនេះ នឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ក្នុងការចូលរួមចំណែកជំរុញការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដែលឆ្លើយតបយ៉ាងពិតប្រាកដ ទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ពិសេសចូលរួមជំរុញកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងថៃ ឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្លាយជាស្ពានសម្រាប់តភ្ជាប់រវាងប្រទេសទាំងពីរ ទាំងទិដ្ឋភាពទេសចរណ៍ សេដ្ឋកិច្ច សង្គម និងវប្បធម៌។
សូមជម្រាបថា បច្ចុប្បន្ន កម្លាំងពលកម្មក្នុងវិស័យទេសចរណ៍កម្ពុជា មានជាង៦២ម៉ឺននាក់ ក្នុងនោះមានតែ ប្រមាណ២០ភាគរយ ប៉ុណ្ណោះ ដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាល នៅតាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញនានា ក្រៅពីនេះ គឺបានបណ្តុះបណ្តាលតាមវគ្គនានា និងការបណ្តុះបណ្តាលនៅនឹងកន្លែង ដោយអ្នកគ្រប់គ្រងផ្ទាល់។ ដល់ឆ្នាំ២០២០ កម្ពុជាត្រូវការអ្នកធ្វើការ ក្នុងវិស័យទេសចរណ៍ ប្រមាណជិត១លាននាក់។ ចំណុចនេះ លោករដ្ឋមន្រ្តីថា នៅខ្វះយ៉ាងតិច២៥ម៉ឺននាក់ទៀត ដូចនេះ កម្ពុជាត្រូវបណ្ដុះបណ្ដាលកម្លាំងពលកម្មថ្មី ប្រមាណ៥ម៉ឺននាក់ ទៀតក្នុងមួយឆ្នាំ នឹងត្រូវបំប៉នអ្នកចាស់ជាប្រចាំថែមទៀត លើវិជ្ជាជីវៈទេសចរណ៍នេះ។
ដោយមើលឃើញពីកង្វះខាតធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ បែបនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រសួងទេសចរណ៍ បានបង្កើតសាលាបណ្ដុះបណ្ដាលជំនាញទេសចរណ៍ ចំនួន២ មួយនៅភ្នំពេញ មួយទៀតនៅខេត្តសៀមរាប ហើយបានលើកទឹកចិត្តដល់វិស័យឯកជន ឲ្យរួមគ្នាជួយបណ្ដុះបណ្ដាលថែមទៀតដែរ។ ក្រៅពីនេះ កម្ពុជាមានវិទ្យាស្ថានម្ហូបអាហារមួយរួចហើយ នៅរាជធានីភ្នំពេញ ជាជំនួយរបស់ប្រទេសស្វីស។
ដោយឡែក នៅឆ្នាំ២០១៦ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា មានចំនួន ៥,០១១,៧១២នាក់ កើនឡើង៥% ធៀបនឹងឆ្នាំ២០១៥ ក្នុងនោះ ចំនួនភ្ញៀវទេសចរថៃ មានចំនួន ៣៩៨,០៨១នាក់ កើនឡើង១៣.៨% ឈរក្នុងលំដាប់ទីបី នៃទីផ្សារទេសចរណ៍សំខាន់ៗទាំង១០មកកម្ពុជា៕