(សៀមរាប)៖ លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យគណៈប្រតិភូមកពី មជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី (Indira Gandhi National Center for the Arts) ហៅកាត់ថា IGNCA នៃប្រទេសឥណ្ឌា ដឹកនាំដោយ លោក Sachchidanand Joshi ចូលជួបសម្តែងការគួរសម និងពិភាក្សាលើលទ្ធភាពបង្កើត នូវកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរនាពេលអនាគត នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧នេះ។
ជំនួបពិភាក្សានេះ ភាគីទាំងពីរ ក៏បានចែករំលែកបទពិសោធន៍ល្អៗ រវាងគ្នាទៅវិញទៅមក ជាពិសេស សំដៅការចូលរួម លើកកម្ពស់ការអភិរក្សបេតិកភណ្ឌទាំងរូបី និងអរូបី ដូចជាការយកប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរៀបចំឯកសារកាលប្បវត្តិនានា ទាក់ទងកិច្ចការអភិរក្សប្រាសាទ រូបចម្លាក់-ល- ជាវីដេអូ និងសំឡេង បញ្ចូលក្នុងប្រព័ន្ធអ៊ីនធឺណិត ងាយស្រួល ដល់ការរក្សាទុក។
លោក ស៊ុ ម៉ាប់ ក៏បានស្នើឲ្យមានការជំរុញកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរឲ្យបានច្រើនថែមទៀត ក្នុងនោះដែរ លោក បានអញ្ជើញអគ្គនាយក IGNCA មកចូលរួមក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដែលនឹងប្រព្រឹត្តិទៅនៅខែ មិថុនាខាងមុខនេះ ក្នុងបំណងដើម្បីឲ្យភាគី IGNCA បានស្វែងយល់ឲ្យកាន់តែច្បាស់ពីបេសកកម្ម របស់អាជ្ញាធរជាតិអប្សរា ក្នុងការគ្រប់គ្រង និងអភិរក្សរមណីយដ្ឋានអង្គរ។
ជាការឆ្លើយតប លោក Sachchidanand Joshi បានទទួលការអញ្ជើញនេះ ហើយលោកក៏បានសម្តែងអារម្មណ៍ សប្បាយរីករាយ នៅពេលបានឃើញរមណីយដ្ឋានអង្គរ និងការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ លោកបណ្ឌិតកត់សម្គាល់ឃើញថា ការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា គឺគោរពយ៉ាងច្បាស់លាស់ តាមបទដ្ឋាននានា របស់អង្គការយូណេស្គូ ដែលធ្វើឲ្យរមណីយដ្ឋានអង្គររក្សាបាននូវតម្លៃលេចធ្លោ ជាសកលរបស់ខ្លួនតាមរយៈការគ្រប់គ្រង និងនិរន្តភាពនៃសភាពដើមនៃរមណីយដ្ឋាននេះ។
ភាគីទាំងពីរ ក៏បានឯកភាពរៀបចំក្រុមការងារទំនាក់ទំនងបន្ត ព្រមទាំងបានឯកភាពនឹងចុះហត្ថលេខា លើអនុស្សរណៈ យោគយល់គ្នា អំពីកិច្ចសហប្រតិបត្តិការ ក្នុងកំឡុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរដែលនឹងប្រព្រឹត្តទៅនាខែមិថុនា ឆ្នាំ២០១៧ ខាងមុខ៕