(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្ដភាព-ភាពខ្មែរសូវៀត(ពេទ្យរុស្ស៊ី) នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ បានប្រារព្ធទិវានារីអន្ដរជាតិ៨មីនា ឆ្នាំ២០១៧ ខួបលើកទី១០៦ ក្រោមប្រធានបទ «ស្ដ្រីដើម្បីភាពសុខសន្ដិភាព និងវឌ្ឍនភាព» ដែលនេះមិនមែនជាលើកទី១ទេ ដែលមន្ទីររដ្ឋមួយនេះ តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។
លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បានថ្លែង ទិវាសិទ្ធនារីអន្ដរជាតិ៨មីនា នៅឆ្នាំនេះ យើងបានធ្វើឡើងតាមក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ដែលចង់បង្ហាញឲ្យយើងទាំងអស់គ្នា បានដឹងពីសមត្ថភាពពិតប្រាកដរវាងបុរស និងស្រ្ដី និងទទួលស្គាល់ថា ស្ដ្រីជាភ្នាក់ងារដ៏សំខាន់ ដែលមានតួនាទីអាចធ្វើឲ្យសង្គមមានការផ្លាស់ប្ដូរ និងមានសុខសន្ដិភាព។
លោកបន្ដថា «ការងារស្ដ្រី ក្នុងការចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ នោះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ឱកាស និងលើកទឹកចិត្ដ ឲ្យស្ដ្រីមានតួនាទី និងមុខតំណែង ជាអ្នកគ្រប់គ្រង និងដឹកនាំ ចាប់តាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ដឹកនាំកំពូលជាក់ស្ដែង យើងមានសមាសភាពជានារី នៅក្នុងជួរថ្នាក់ ដឹកនាំឃុំ-សង្កាត់ ស្រុក-ខណ្ឌ រាជធានី-ខេត្ដ ក្រសួង-ស្ថាប័ន ជាងនេះទៅទៀត ក្នុងជួររដ្ឋាភិបាល រដ្ឋសភាព និងព្រឹទ្ធសភា ពិសេសគឺនៅមន្ទីរពេទ្យយើងផ្ទាល់តែម្ដង ដែលមានចំនួនស្ដ្រីយ៉ាងច្រើន ដែលបានបំពេញការងារជាអ្នកគ្រូពេទ្យដ៏ជំនាញ ដើម្បីព្យាបាលជំងឺឲ្យប្រជាពលរដ្ឋ គ្រប់ពេលវេលានៅមន្ទីររបស់យើងនេះ ដែរនេះបានសរបញ្ជាក់ឲ្យឃើញថា វត្ដមានស្រ្ដី ពិតណាស់ មិនអាចខ្វះបាននោះឡើយ»។
លោកបន្ថែមថា ដូច្នេះ លោកសូមជំរុញ និងលើកទឹកចិត្ដ ដល់ស្ដ្រីគ្រប់រូបទូទាំងប្រទេស ព្យាយាមពង្រឹងសមត្ថភាព ឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីសុខសន្ដិភាព និងចូលរួមចំណែកសហការ ក្នុងការអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើនយ៉ាងឆាប់រហ័សថែមទៀត។
គួររលឹកថា ក្នុងឱកាសនោះ ផងដែរក៏មានផ្ដល់ជូននូវវត្ថុអនុស្សាវរីយ៍ ជូនដល់អ្នកគ្រូពេទ្យជាស្រ្ដីផងដែរ ជាមួយនឹងថវិកាមួយចំនួនទៀតផង៕