(បាត់ដំបង)៖ នៅទីស្នាក់ការបក្សស្រុកសង្កែ ខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីអបអរ​សារទរ​ខួបលើកទី១០៦ ទិវានារីអន្តរជាតិ០៨ មីនា ក្រោមអធិបតីពីលោក ឡោក ហ៊ួរ សមាជិកគណៈ​កម្មាធិការ​កណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយស្រុកសង្កែ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំ ខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក គឹម វណ្ណៈ អភិបាលស្រុកសង្កែ កងកម្លាំងជានារី និងមន្រ្តីរាជការមកពីការិយាល័យស្ថាប័ននានាជាច្រើនរូបទៀត។

លោកស្រី ម៉ុន សុខាល័យ សមាជិកក្រុមប្រឹក្សាស្រុក និងជាប្រធានបណ្តាញចលនាស្រ្តី ស្រុកសង្កែ ឡើងអានប្រវត្តិនៃការ​តស៊ូរបស់ស្រ្តីនៅលើពិភពលោក ដែលបានទាមទាររហូតសម្រេចពេញលេញ នូវសិទ្ធសេរីភាពដល់ចលនា​ស្រ្តីកើតមានឡើង​អំពីសិទ្ធិនារីអន្តរជាតិ រហូតពិភពលោក បានប្រារព្វទិវានេះជារៀងរាល់ឆ្នាំ។

លោកស្រី សុំ ចិន្តា អភិបាលរងស្រុក និងជាប្រធានបណ្តាញចលនាស្រ្តី ស្រុកសង្កែបានឡើងអានព្រះរាជសារលិខិតទាំងស្រុង របស់សម្តេចម៉ែ ព្រះមហាក្សត្រីយ៍ មុនីនាថ សីហនុ ក្រោមប្រធានបទ «ស្រ្តីដើម្បីសន្តិភាព និងវឌ្ឍនភាព»។

លោកតំណាងរាស្រ្ត ឡោក ហ៊ួរ បានថ្លែងឲ្យដឹងថា «ទិវានារីអន្តរជាតិ ដែលយើងបានប្រារព្ធធ្វើនៅពេលនេះ ពិតជាមាន​សារសំខាន់ខ្លាំងណាស់​ ដែលមួយឆ្នាំ យើងប្រារព្ធពិធីនេះម្តង​ ហើយក៏មិនមែនមានន័យថា ស្ត្រីមានសិទ្ធិតែមួយ​ថ្ងៃនេះដែរគឺស្ត្រីមានសិទ្ធិ៣៦៥ថ្ងៃ ជារៀងរាល់ឆ្នាំបានន័យថា មានសិទ្ធិស្មើគ្នាដូចបុរសយើងដែរ»។

លោកប្រធានបានបន្ថែមថា បច្ចុប្បន្ននេះយើងក្រឡេកមើលនៅតាមកន្លែងធ្វើការ​រដ្ឋ ក៏ដូចជា ក្រមហ៊ុនឯកជននានា ជាទូទៅមួយ​ភាគធំស្ត្រីយើង​ត្រូវបានកាន់តំណែងធំៗ ជាងបុរសយើងទៅទៀត​ដែលកត្តានេះ បញ្ជាក់ថាស្ត្រីយើងមានសិទ្ធិ​ធ្វើកិច្ចនានាក្នុងសង្គមបានទាំងអស់។ លោកបានបន្តថា ដែលថ្ងៃនេះ ពិធីរបស់យើងបានផ្តោត ទៅលើប្រធានបទស្ត្រី ដើម្បីសុខសន្តិភាពន៏និងវឌ្ឍនភាព ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមលើកកំពស់សិទ្ធិនារីទាំងអស់គ្នា ស្របតាមទិសដៅស្ត្រីជាមាតានៃពិភពលោក។

ក្នុងឱកាសប្រារព្ធទិវាសិទ្ធិនារីនេះដែរ ក៏មានការរៀបចំចាប់ឆ្នោតសំនួរ ចម្លើយ បានទទួលរង្វាន់បន្ទាប់មកគណៈអធិបតីបាន ជូនវត្ថុអនុស្សាវរីយ៍ដល់ស្រ្តីដែលបានចូលរួមទាំងអស់នាថ្ងៃនេះ ទាំង១៧០នាក់ ម្នាក់ៗទទួលបានសារ៉ុង១ និងជូនបាច់ផ្កា​ដល់ស្រ្តីមួយចំនួនផងដែរ។

នៅរសៀលថ្ងៃដដែលនេះ លោកប្រធានក្រុមការងារ បានចុះជួបបេក្ខភាពក្រុមប្រឹក្សាឃុំកំពង់ព្រៀង ពង្រឹងក្នុងការដោះ​ស្រាយបង្ហើយការងារនៅសេសសល់ និងបញ្ចប់ជូនប្រជាពលរដ្ឋតាមបណ្តា ភូមិនានាក្នុងឃុំកំពង់ព្រៀង៕