(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានផ្ដល់សម្ភារការិយាល័យបន្ថែមទៀត ជូនក្រសួងការបរទេសកម្ពុជា សម្រាប់ឆ្នាំ២០១៧ ដែលមានតម្លៃប្រមាណ១៤ម៉ឺនដុល្លារ។ សម្ភារការិយាល័យទាំងនោះរួមមាន៖ កុំព្យូទ័រយួដៃ ម៉ាស៊ីន ថតចម្លេង ម៉ាស៊ីនព្រីន និងរថយន្ត៤១កៅអីមួយគ្រឿង។
ក្នុងពិធីប្រគល់-ទទួលសម្ភារការិយាល័យនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបទេស និងលោក សុង ប៉ (Xiong Bo) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីភាពនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ខាងមុននេះនៅទីស្ដីការក្រសួង។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបទេស នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា «អំណោយនេះ គឺជាផ្នែកមួយនៃការ
សន្យារបស់លោក យ៉ាង ជាឈី (Yang Jiechi) ក្រុមប្រឹក្សារដ្ឋ នៃប្រទេសចិន ក្នុងអំឡុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសចិន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង»។
គួរបញ្ជាក់ថា ជំនួយទាំងនេះ មានគោលបំណងគាំទ្រដល់តម្រូវការពិត និងភាពចាំបាច់របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តជាតិ ក្នុងការអនុវត្តការងាររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងវិសាលភាពនៃកិច្ចសហប្រតិបត្តិទ្វេភាគី និងពហុភាគី៕