(ភ្នំពេញ)៖ លោក លី សុគន្ធ បេក្ខជនឈរឈ្មោះលេខរៀងទី២ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ របស់គណបក្សសង្រ្គោះជាតិ បានសម្រេចលាលែងពីតំណែងរបស់ខ្លួន នាថ្មីៗនេះហើយចាកចេញពីគណបក្សសង្រ្គោះជាតិ។ ទន្ទឹមគ្នានឹងការចាកចេញនេះលោក លី សុគន្ធ ក៏បានប្រកាសអូសទាញអ្នកគាំទ្ររបស់ខ្លួនឱ្យទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាថែមទៀត។ នេះបើតាមលិខិតរបស់លោក លី សុគន្ធ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ។

លិខិតស្នើសុំលាលែងរបស់ លោក លី សុគន្ធ បានផ្ញើទៅកាន់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ប្រាប់អំពីមូលហេតុនៃការលាលែងរបស់ខ្លួនថា ដោយសារតែគណបក្សមិនទទួលខុសត្រូវលើកកូនចៅ ព្រមទាំងមិនមានភាពយុត្តិធម៌ និងតម្លាភាពក្នុងការរៀបចំបេក្ខជន។

លិខិតនោះ បានសរសេរយ៉ាងដូច្នេះថា៖ «ចាប់ពីថ្ងៃផ្តិតមេដៃនេះតទៅ ខ្ញុំបាទសូមបញ្ចប់សមាជិកភាពរបស់ខ្ញុំពីគណបក្សសង្រ្គោះជាតិ ដោយមូលហេតុ ច្បាស់លាស់មួយចំនួន ដែលឯកឧត្តម ប្រធាន ជ្រាបយ៉ាងច្បាស់លាស់ដូចខាងក្រោម៖ គណបក្សមិនទទួលខុសត្រូវលើកូនចៅ, មិនមានភាពយុត្តិធម៌ និងតម្លាភាពក្នុងការរៀបចំបេក្ខជន, អស់ជំនឿលើការដឹកនាំដោយសន្យាខ្យល់»

ស្របគ្នានឹងការលាលែងពីគណបក្សសង្រ្គោះជាតិនេះ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ដដែលនោះ លោក លី សុគន្ធ ក៏បានផ្ញើលិខិតមួយ ជូនប្រធានគណបក្សប្រជាជនកម្ពុជា សាខាទួលគោក រាជធានីភ្នំពេញ ដើម្បីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ លិខិតសុំចុះចូលនោះ លោក លី សុគន្ធ បានបញ្ជាក់ថា មូលហេតុដែលខ្លួនចូលរួមជាមួយ គណបក្សសង្រ្គោះជាតិ កន្លងមក ដោយសារតែចាញ់បោកការញុះញង់ ការអូសទាញ និងការសន្យារបស់គណបក្សនេះ ប៉ុន្តែពេលនេះខ្លួនបានដឹងយ៉ាងច្បាស់ បន្ទាប់ពីមាន ការពន្យល់ពីកូនរបស់ខ្លួន ឈ្មោះ លី សុខា។

លោក លី សុគន្ធ ក៏បានសន្យាជាមួយគណបក្សប្រជាជនកម្ពុជាថា នឹងបញ្ចុះបញ្ចូលអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ឱ្យមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

ទោះជាយ៉ាងណាអង្គភាពព័ត៌មាន Fresh News មិនទាន់អាច​ទំនាក់ទំនងសុំការបកស្រាយពីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ និង លោក យ៉ែម បុញ្ញឫទ្ធិ បាននៅឡើយទេ នាល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ។

សូមបញ្ជាក់ថា នាថ្មីៗនេះបេក្ខជនតំណាងរាស្រ្តឆ្នាំ២០១៣ របស់គណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តប៉ៃលិន លោក សួង សុភ័ណ្ឌ ក៏បានប្រកាសលាលែងពី គណបក្សសង្រ្គោះជាតិផងដែរ ដោយចោទប្រកាន់ថា មេដឹកនាំថ្មីគណបក្សនេះប្រកាន់បក្ខពួកនិយម ហើយមានទំនាក់ទំនងជាមួយ សម្តេចតេជោ ហ៊ុន សែន។

កាលពីម្សិលមិញ សមាជិកមួយចំនួនរបស់គណបក្សសង្រ្គោះជាតិ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក៏បានប្រកាសផ្តាច់ខ្លួនពីគណបក្សសង្រ្គោះជាតិ ហើយនាំគ្នាតវ៉ា ដុត និងទម្លាក់ស្លាកគណបក្សសង្រ្គោះជាតិ ជាច្រើនកន្លែង៕

សកម្មជនបក្សសង្គ្រោះជាតិ លើកគ្នាទម្លាក់ស្លាកបក្សឲ្យអស់នៅស្រុកអន្លង់វែង ក្រោយមានជម្លោះផ្ទៃក្នុងរឿងបេក្ខភាពមេឃុំ