(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា បើសិនជាប្រទេសកម្ពុជា ត្រូវបានមើលឃើញថា មានភាពអវិជ្ជមាន អាប់អួរ និងមានភាពមិន ច្បាស់លាស់នោះ ម្ល៉េះវិនិយោគិនជាតិ និងអន្តរជាតិ នឹងមិនព្រមចំណាយថវិកាយ៉ាងច្រើន ដើម្បីមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជានោះទេ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធគម្រោងពង្រីក រោងចក្ររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ។ ក្រុមហ៊ុននេះបានផ្តល់នូវភាពជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានសម្រេចវិនិយោគទុនបន្ថែមរហូតដល់១០០លាន ដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជា មានស្ថិរភាពនយោបាយជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំៗ ដែលផ្តល់ភាពកក់ក្តៅដល់និយោគិនជាតិ និងអន្តរជាតិ ហើយមួយឆ្នាំៗ ការវិនិយោគនៅក្នុងប្រទេសកម្ពុជា បានកើនឡើងជាលំដាប់។
ទន្ទឹមនឹងការបង្ហាញអំពីសក្តានុពលសេដ្ឋកិច្ច និងស្ថិរភាពនយោបាយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដែលបានអនុវត្តគម្រោងវិនិយោគរួមគ្នា នៃសម្ព័ន្ធអាជីវកម្មក្រុមហ៊ុនផលិត ស្រាបៀរអាស៊ីប៉ាស៊ីហ្វិក (APB) និង ក្រុមហ៊ុនវឌ្ឍនៈគ្រុប ដោយជោគជ័យលើទុនវិនិយោគដំបូងចំនួន៥៦លានដុល្លារ និងបន្តពង្រីកផលិតកម្មរបស់ខ្លួនបន្ថែមទៀតក្នុងពេលនេះ ជាពិសេសបានបន្ថែមនូវមុខផលិតផលថ្មី គឺស្រាបៀរ Heineken ប្រភេទដប និងកំប៉ុង បន្ថែមលើផលិតផលស្រាបៀរ Tiger (ដប និងកំប៉ុង) ABC Extra Stout (ដប់ និងកំប៉ុង) Anchor (ដប និងកំប៉ុង) និង Gold Crown (កំប៉ុង)។
សម្តេចស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដែលបានផ្តល់នូវភាពជឿជាក់យ៉ាងម៉ុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសវាយតម្លៃខ្ពស់ចំពោះស្ថិរភាពនយោបាយ, ស្ថិរភាពសង្គម, កំណើនសេដ្ឋកិច្ចនៅកម្ពុជា, ការអភិវឌ្ឍសង្គម និងជីវភាពរស់នៅរបស់ប្រជាជន ដោយបានសម្រេចយ៉ាងប្រាកដប្រជា ប្រកបដោយទំនុកចិត្តក្នុងការវិនិយោគទុនបន្ថែមរហូតដល់១០០លាន ដុល្លារអាមេរិក។
យ៉ាងណាក៏ដោយ ទោះបីជាកម្ពុជាសម្រេចបានលទ្ធផលល្អប្រសើរយ៉ាងណាក្តី សម្តេចនៅតែអះអាងថា រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តអនុវត្តនូវការងារសំខាន់ដូចជា ការកែលម្អបរិស្ថានវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការសម្របសម្រួលឱ្យមានភាពស៊ីសង្វាក់គ្នារវាងវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទី្សារ និងការបន្តជំរុញធ្វើពិពិធកម្មប្រភព នៃកំណើនសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រុមហ៊ុនឯកជនទាំងអស់ ខិតខំបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា រិះរកផលិតផលថ្មីៗ ប្រើប្រាស់វត្ថុធាតុដើម ដែលមានស្រាប់ឱ្យអស់ពីលទ្ធភាព។ ក្រុមហ៊ុនទាំងនោះ ក៏ត្រូវខិតខំស្វែងរកដៃគូពាណិជ្ជកម្មនាំចេញស្រាបៀរខ្មែរទៅក្រៅប្រទេស និងបង្កើនសុខដុមរមនារវាងនិយោជក និងនិយោជិត។
ទន្ទឹមនឹងការជំរុញ លើកទឹកចិត្តដល់ការវិនិយោគនៅប្រទេសកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងដែរថា ពេលនេះកម្ពុជាកំពុងតែជំរុញពង្រឹងវិស័យកីឡាបន្ថែមទៀត ដើម្បីឆ្ពោះទៅរកស៊ីហ្គេម ឆ្នាំ២០២៣ ហើយជំរុញឱ្យ ក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនឯកជនចូលរួមគាំទ្រឱ្យបានច្រើន៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖