(កំពង់ស្ពឺ)៖ លោក ហង់ ស៊ីថា ត្រូវបានតែងជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួសលោក ខ្លូត ពេជ្រ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍។ ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង និងទទួលត្រារបស់សាលាដំបូងខេត្តកំពង់ស្ពឺ ជាផ្លូវការនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧នេះ នៅសាលាដំបូងខេត្ត ក្រោមអធិបតីភាព លោក អង្គ វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពី អភិបាលខេត្តរងខេត្ត អាជ្ញាធរខេត្ត ក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីដែលមានការពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
លោក ខ្លូត ពេជ្រ អតីតអនុប្រធាសាលាដំបូងកំពង់ស្ពឺ បានថ្លែងលើកឡើងអំពីការដឹកនាំរបស់លោកកន្លងមកថា គិតត្រឹមថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧នេះ សំណុំរឿងស៊ើបសួរសល់ក្នុងឆ្នាំមុនមានចំនួន១៣៨១រឿង, សំណុំរឿងចូលថ្មីមានចំនួន៤៧រឿង, សំណុំរឿងបញ្ជូនទៅជំនុំជម្រះ២៩រឿង និងសំណុំរឿងកំពុងចាត់ការចំនួន៧៥៦រឿង។
ចំណែកផ្នែកជំនុំជម្រះសល់ពីឆ្នាំមុនចំនួន៨៣៤រឿង, សំណុំរឿងចូលថ្មី៤៩រឿង, សំណុំរឿងចាត់ការរួច២៧រឿង និងសំណុំរឿងកំពុងចាត់ការចំនួន ៨៥៦រឿង។
លោកបន្តថា ការងាររដ្ឋប្បវេណីសំណុំរឿងសល់ពីឆ្នាំមុនចំនួន១០៨៨រឿង, សំណុំរឿងចូលថ្មីចំនួន១០៤រឿង, សំណុំរឿងចាត់ការរួច១០៩រឿង និងសំណុំរឿងកំពុងចាត់ការចំនួន១០៨៣រឿង ហើយបទល្មើសកើតឡើង ភាគច្រើនជាបទល្មើសគ្រឿងញៀន ហិង្សា និងវិវាទពីការលេងលះតែម្តង។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងផ្ទេរមុខដំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ចំនួន៣១រូប និងព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខដំណែង ប្រធាន-អនុប្រធាន ចៅក្រមសាលាដំបូងរាជធានី-ខេត្តចំនួន៥៤រូប កាលពីពេលថ្មីៗនេះ៕