(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានឲ្យតម្លៃយ៉ាងខ្លាំងទៅលើយេនឌ័ររបស់ស្រ្តី ដែលមានតួនាទីជា មេភូមិ មេឃុំ-ចៅសង្កាត់។ សម្តេចបានចាត់ទុកថា ស្រ្តីខ្មែរទាំងនោះជាប្រតិបត្តិករ ដ៏មានសក្តានុពលនៅក្នុងកិច្ចការ​កសាងសង្គមជាតិ ឲ្យមានការរីចម្រើនលើគ្រប់វិស័យ​​ ជាពិសេស ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ១០៦ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ សម្តេច សាយ ឈុំ បានកោតសសើរដល់ថ្នាក់ដឹកនាំនារីទូទាំងប្រទេស ដែលខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ សម្តេចបានបន្ថែមថា ទិវាសិទ្ធិនារីអន្តរជាតិ​ឆ្នាំនេះ ដែលប្រារ​ព្ធឡើងក្រោមប្រធានបទ «ស្រ្តីដើម្បីសន្តិភាព និងវឌ្ឍនភាព» ដែលធ្វើឲ្យចំនួនស្ត្រីនៅក្នុងសង្គមគ្រប់ផ្នែកបានកើនឡើង។

សម្តេចបានបន្ថែមទៀតថា សមិទ្ធិផលទាំងអស់នេះ មិនអាចកាត់ផ្តាច់បាននូវការចូលរួមរបស់ស្ត្រីទាំងអស់ ដែលគ្របដណ្តប់ ៥៤ភាគរយនៃកម្លាំង​សង្គមទាំងមូលឡើយ។ ជាមួយនេះតួនាទីស្រ្តីក្នុងឆាកនយោបាយ ស្ថានភាពស្រ្តី និងកុមារ ត្រូវបានលើកកម្ពស់ជាបន្ត​បន្ទាប់ ឆ្លើយតបជាវិជ្ជាមាន នឹងផែនការសកម្មភាពរបស់ស្រ្តី ក្នុងពេលបច្ចុប្បន្ន ចំពោះ​បញ្ហា​សង្គម និងការអប់រំ។

​សម្តេចប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យក្រសួងកិច្ចនារី និងអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការពាក់ព័ន្ធនឹងកិច្ចការនារីត្រូវតែ​ខិតខំព្យាយាមយកចិត្តទុកដាក់ និងផ្តល់យោបល់លើអត្ថបទច្បាប់នានា ដែលពាក់ព័ន្ធផ្ទាល់នឹងបញ្ហាស្ត្រីដើម្បី​ ជាឧបករណ៍គតិយុត្តិសម្រាប់អនុវត្ត សមធម៌យេនឌ័រ ការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី និងកុមារ៕