(ភ្នំពេញ)៖ ក្រុមហ៊ុន អេស ស៊ី ជី បន្តគាំទ្រ ដល់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ពិសេសជាផ្នែកនៃការបន្តប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ក្រុមហ៊ុន មានមោទនភាព ដោយបានឧបត្ថម្ភពិធីតែងតាំងគ្រូបង្វឹកថ្មី សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ។
លោក ឡេអូណាដូ ល្វីស ដែលជាជនជាតិប្រេស៊ីល នឹងកាន់តំណែងជាគ្រូបង្វឹកថ្មី បន្តពីលោក លី តេហ៊ូន ដែលបានធ្វើការងារយ៉ាងល្អ ក្នុងការបង្វឹកក្រុមជម្រើសជាតិកម្ពុជា ឲ្យសម្រេចបានសមិទ្ធផលគួរកត់សម្គាល់ និងជាប់ចំណាត់ថ្នាក់ FIFA ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត កាលពីឆ្នាំ២០១៦ ។
ក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងតំបន់អាស៊ាន និងមានប្រវត្តិលើកស្ទួយកីឡាក្នុងប្រទេសកម្ពុជាផងដែរនោះ សម្តែងក្តីរីករាយក្នុងការបន្តកិច្ចសហការរបស់ខ្លួន ជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ។ កាលពីដើមឆ្នាំ២០១៦ ក្រុមហ៊ុន និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំការប្រកួតមិត្តភាពសប្បុរសធម៌ រវាងក្រុម K-Cement Cambodian All Stars និងក្រុមអាជីពកំពូលមួយរបស់ថៃ គឺ SCG Muangthong United ហើយព្រឹត្តិការណ៍ដ៏ធំសំបើមនោះ ទទួលបានជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងក្លា ក៏ដូចជាបានត្រួសត្រាយផ្លូវ សម្រាប់ការរៀបចំ ការប្រកួតមិត្តភាពលំដាប់អន្ដរជាតិផ្សេងៗពេញមួយឆ្នាំ ។
លោក Somwang Manpimonchai នាយកប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុន អេស ស៊ី ជី ស៊ីម៉ង់ត៍-សម្ភារៈសំណង់ បានថ្លែងថា «ជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធជាង២០០ និងបុគ្គលិកប្រមាណ ៥ម៉ឺននាក់ ដែលនៅក្នុងគ្រួសារ អេស ស៊ី ជី យើងជឿជាក់ថា យើងអាចលើកកម្ពស់គុណភាពជីវិតរបស់មនុស្សដែលរស់នៅក្នុងសហគមន៍ទាំងឡាយ ដែលយើងធ្វើប្រតិបត្តិការ ហើយទស្សនវិជ្ជាស្នូលមួយរបស់ក្រុមហ៊ុន គឺការយកចិត្តទុកដាក់ចំពោះទទួលខុសត្រូវសង្គម»។
លោកបានបន្ថែមទៀតថា «កាលពីឆ្នាំមុន ក្រុមហ៊ុន អេស ស៊ី ជី បានរៀបចំព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ ២០១៦ និងបាននាំក្រុមបាល់ទាត់ SCG Muangthong United ពីប្រទេសថៃ មកប្រកួតជាមួយក្រុមកម្ពុជា ដើម្បីសកម្មភាពមនុស្សធម៌ និងការរឹតបន្តឹងចំណងមិត្តភាព ។ នៅឆ្នាំនេះ យើងមានគ្រោងការរៀបចំការប្រកួតដែលកាន់តែកក្រើកជាងមុនទៀត រវាងក្រុម SCG Muangthong United និងក្រុម K-Cement Cambodian All Stars ក្នុងអំឡុង ខែកក្កដា ឆ្នាំនេះ ហើយយើងក៏បានពង្រីកវិសាលភាពក្នុងការឧបត្ថម្ភបន្ថែមដល់ក្រុមកម្ពុជាផងដែរ» ។
យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រូបង្វឹកថ្មី លោក ឡេអូណាដូ ល្វីស នឹងពង្រឹងសមត្ថភាព និងគុណភាពរបស់ក្រុមជម្រើសជាតិកម្ពុជាបន្ថែមមួយកម្រិតទៀត ។ គាត់នឹងចាប់ផ្តើមការងារចាប់ពីខែនេះទៅ ខណៈក្រុមជម្រើសជាតិកម្ពុជាកំពុងត្រៀមខ្លួន សម្រាប់ប្រកួតទីមួយក្នុងដំណាក់កាលជម្រុះជុំទីបីសម្រាប់ពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសហ្ស៉ដង់ នាថ្ងៃទី២៨ មីនានេះ ។ ក្នុងជុំទីបីនេះផងដែរ ក្រុមជម្រើសជាតិកម្ពុជានឹងប៉ះជាមួយក្រុមកីឡាករមកពីអាហ្វហ្គានីស្ថាន និងវៀតណាម ។
លោក លី តេហ៊ូន ដែលជាគ្រូបង្វឹកចាស់ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការពង្រឹង និងអភិវឌ្ឍក្រុមជម្រើសជាតិកម្ពុជា តាំងពីគាត់ចាប់ផ្តើមការងារនេះជាលើកដំបូង កាលពីឆ្នាំ២០១០ ។ លោកបានលើកកម្ពស់ស្តង់ដារនៃការហ្វឹកហាត់ និងបានបណ្តុះស្មារតីខិតខំព្យាយាម ក្នុងចំណោមកីឡាករជម្រើសជាតិកម្ពុជា ហើយលោក បន្តតំណែងថ្មីនេះ មានការងារច្រើនដែលត្រូវធ្វើ ប៉ុន្តែយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ឡេអូណាដូ ល្វីស បានត្រៀមខ្លួនជាស្រេចចំពោះការងារនេះ និងមានបទពិសោធន៍ និងសមត្ថភាពខ្ពស់ ដែលអាចអភិវឌ្ឍក្រុមជម្រើសជាតិកម្ពុជា ថែមមួយកម្រិតទៀត ។
ដោយមានការបន្តការគាំទ្រខ្លាំងក្លាពីសំណាក់សាធារណជនទូទៅ និងពីសំណាក់ក្រុមហ៊ុនឯកជនធំៗ ដូចជា ក្រុមហ៊ុន អេស ស៊ី ជី ជាដើម ក្រុមហ៊ុន រំពឹងថាវិស័យកីឡាបាល់ទាត់នៅប្រទេសកម្ពុជា នឹងបន្តរីកលូតលាស់បន្ថែមទៀត ហើយសង្ឃឹមថា និន្នាការនេះនឹងត្រួសត្រាយផ្លូវអោយមានការលើកស្ទួយវិស័យកីឡាផ្សេងទៀតនៅកម្ពុជា ៕