(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស. ២៥៦០-២៥៦១ គ.ស.២០១៧ ក្រោមប្រធានបទ «ការចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ» នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីត្រៀមខ្លួនចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខ នៅឧទ្យានជាតិអង្គរ ខេត្តសៀមរាប ហើយនឹងមានកម្មវិធីពិសេសជាច្រើនទៀត ខុសពីឆ្នាំមុន ដែលសង្ឃឹមថា ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិឲ្យកាន់តែច្រើនបន្ថែមទៀត។
នេះបើតាមការលើកឡើង របស់លោក សំហេង បុរស អនុប្រធានក្រុមការងារប្រតិបត្តិ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧ពិធីនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលប្រារព្ធធ្វើនៅទីស្នាក់ការ កណ្តាល ស.ស.យ.ក. ក្រោមវត្តមានចូលរួមពីប្រធានក្រុមការងារសំខាន់ៗ នៃព្រឹត្តិការណ៍ រួមទាំងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធ និងយុវជនស្ម័គ្រចិត្ត ជាច្រើនរូបទៀត។
លោក សំហេង បុរស បានថ្លែងបន្ដថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជាព្រឹត្តិការណ៍ នឹងផ្តល់នូវការសប្បាយរីករាយជួបជុំគ្នា តាមរយៈការបង្ហាញអំពីល្បែងប្រជាប្រិយ របាំប្រពៃណី ទំនៀមទំលាប់នៃការរស់នៅ របស់ប្រជាជនខ្មែរ សិល្បៈទស្សនីយភាពផ្សេងៗ ដែលសម្តែងដោយយុវជន យុវនារី សិល្បករខ្មែរ រួមជាមួយនឹងការលើក យកមកនូវកេរ្តិ៍ដំណែលអរិយធម៌ និងស្នាដៃនានារបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកតាំងពីយូរលង់មកនោះ មករំលេចឡើងជាផ្ទាំងទស្សនីយភាពថ្មីៗ និងប្លែកអស្ចារ្យ ដើម្បីដាក់បង្ហាញជូនដល់ភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្ត នៅលើទឹកដីនៃខេត្តសៀមរាប ហើយក៏ដើម្បីឲ្យយុវជន និងប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ដូចជាជាតិសាសន៍ដទៃ បានស្វែងយល់ពីមរតក អរិយធម៌ វប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីខ្មែរ ហើយរួមគ្នាថែរក្សា អភិរក្ស និងលើកតម្កើងព្រឹត្តិការណ៍នេះ ជារៀងរហូតទាំងអស់គ្នា។
លោកបន្ដទៀតថា មូលហេតុមួយទៀត ដែលនាំឲ្យមានការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនេះឡើង គឺដើម្បីចូលរួមបំផុសគំនិតរួបរួម កម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ និងបណ្តុះស្មារតីអភិរក្សអភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបទនៃសមាហរកម្មសហគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ក្នុងសម័យកាលសាកលភាវូបនីយកម្ម ទំនើបជំនាន់ថ្មីនេះ។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ នឹងមានកម្មវិធីជាច្រើន ដែលសុទ្ធសឹងតែឆ្លុះបញ្ចាំងពីអរិយធម៌ វប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីខ្មែរ ដូចជាកម្មវិធី មហោស្រពវប្បធម៌បុរាណ ក្រោមទិដ្ឋភាព «ប្រវត្តិមួយសតវត្សន៍ នៃរបាំព្រះរាជទ្រព្យខ្មែរ» ចាប់ពីឆ្នាំ១៩០៦ ដល់ឆ្នាំ២០១៦ ក្រោមស្នាព្រះហស្ថរបស់ សម្តេចព្រះរាម នរោត្តម បុប្ផាទេវី និងសិល្បៈល្ខោនខោល ដែលនឹងត្រូវបានយកមកសម្តែង ជាផ្ទាំងទស្សនីយភាពទ្រង់ទ្រាយធំ ក្រោមការរៀបចំតម្លើង និងដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
ក្រៅពីកម្មវិធីពិសេសៗខាងលើ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ នឹងនាំមកនូវកម្មវិធីជាច្រើន ផ្សេងទៀត ដូចជា កម្មវិធីភូមិខ្ញុំ កម្មវិធីអភិរក្សបេតិកភណ្ឌ កម្មវិធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត កម្មវិធីគុណល្បុក្កតោជាដើម។ លើសពីនេះ ដូចបណ្តាឆ្នាំមុនៗដែរ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ គ្រោងនឹងរៀបចំ នៅទីតាំងផ្សេងៗគ្នា រួមមានបរិវេណខាងមុខប្រាសាទអង្គវត្ត លានជល់ដំរី បរិវេណពិព័រណ៌អង្គរឃ្យុងយូ ផាប់ស្ទ្រីត និងសួនច្បារមុខព្រះរាជដំណាក់ ហើយព្រឹត្តិការណ៍ឆ្នាំនេះ ក៏នឹងទទួលបាននូវវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីបើកដូចឆ្នាំ កន្លងទៅដែរ។
គួររំឭកថា នេះជាលើកទី០៥ ហើយដែលសហភាពសហព័ន្ធ យុវជនកម្ពុជាសហការជាមួយស្ថាប័ន និងអាជាធរពាក់ព័ន្ធ បានរួមគ្នារៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តលើទឹកដីដ៏ពិសិដ្ឋ នៃខេត្តសៀមរាប។ មរតកជោគជ័យទាំងបួនលើកកន្លងទៅ បានញ៉ាំងឲ្យព្រឹត្តិការណ៍នេះ បន្តសម្រេចបាននូវគោលដៅ ចម្បងៗជាច្រើន ដែលក្នុងនោះព្រឹត្តិការណ៍នេះ ក៏បានផ្តល់ឱកាសឲ្យកម្ពុជាបានផ្សព្វផ្សាយ និងលើកតម្កើនអរិយធម៌ វប្បធម៌ ព្រមទាំងស្នាដៃ ដ៏វិសេសវិសាលរបស់ខ្លួនទៅលើឆាកអន្តរជាតិ ពិសេសពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កាន់តែទទួលបានការគាំទ្រ អំពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ជាក់ស្តែង យោងតាមរបាយការណ៍ ពីក្រសួងទេសចរណ៍ បានសបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ តាមរយៈព្រឹត្តិការណ៍នេះ ខេត្តសៀមរាបទទួលបានចំណូល សេដ្ឋកិច្ចបានចំនួន ប្រមាណ៨០លានដុល្លារអាមេរិក និងភ្ញៀវជាតិ និងអន្តរជាតិចំនួន១,៣០០,០០០នាក់៕